• The People Post

WE Forum បង្ហាញជំនាញចាំបាច់ក្នុងសម័យ AI និងវិធីពង្រឹងជំនាញទាំងនេះ

 

យោងតាម WE Forum បានឱ្យដឹងថា វត្តមានបច្ចេកវិទ្យាថ្មីៗ ធ្វើឱ្យអ្នកមានអារម្មណ៍រំភើប និងព្រួយបារម្ភក្នុងពេលតែមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្មានការច្នៃប្រឌិតណាដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងបញ្ញាសិប្បនិម្មិត (AI) នោះទេ។ បច្ចេកវិទ្យានេះ កំពុងផ្លាស់ប្ដូរពេលវេលា ទីកន្លែង និងរបៀបធ្វើការ ព្រមទាំងអ្វី ដែលបុគ្គលិកជំនាញត្រូវការ ដើម្បីសម្របខ្លួនទៅក្នុងពិភពនៃម៉ាស៊ីនឆ្លាតវៃ និងកុំព្យូទ័រ។ ដូច្នេះ តើបុគ្គលិកសម័យថ្មី ត្រូវការជំនាញ និងចំណេះដឹងអ្វីខ្លះ ដើម្បីទទួលភាពជោគជ័យក្នុងទីផ្សារការងារសម័យឌីជីថល និងស្វ័យប្រវត្តិកម្ម ដែលកំពុងមានល្បឿនប្រែប្រួលយ៉ាងឆាប់រហ័ស?

ឥទ្ធិពលបញ្ញាសិប្បនិម្មិត (AI) មកលើកម្លាំងពលកម្ម

ថ្មីៗនេះ IMF បានប៉ាន់ប្រមាណថា ជិត ៤០ភាគនៃការងារ នឹងត្រូវរងផលប៉ះពាល់ដោយបញ្ញាសិប្បនិម្មិត (AI) ។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលនេះប្រែប្រួលទៅតាមកម្រិតនៃប្រាក់ចំណូលរបស់ប្រទេសមួយ។ ប្រហែល ៦០ភាគរយនៃការងារក្នុងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន អាចរងផលប៉ះពាល់ដោយសារវត្តមានបញ្ញាសិប្បនិម្មិត (AI) ខណៈប្រទេសមានប្រាក់ចំណូលទាប មានចំនួន ២៦ភាគរយ។

ការមកដល់បញ្ញាសិប្បនិម្មិត (AI) បានបង្ហាញថា បុគ្គលិកនៅគ្រប់ទីកន្លែង និងគ្រប់វិស័យការងារ ចាំបាច់ត្រូវមានជំនាញបច្ចេកទេស និងជំនាញឌីជីថល ច្រើនជាងពេលណាៗទាំងអស់។ ទោះបីជាការងារខ្លះ អាចនឹងត្រូវបានជំនួសដោយបញ្ញាសិប្បនិម្មិត (AI) ក៏ដោយ ក៏តម្រូវការអ្នកបច្ចេកទេស អ្នកជំនាញបច្ចេកវិទ្យា និងវិស្វករ នៅតែមានតម្រូវការកើនឡើងជាលំដាប់។

ការអប់រំក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

សព្វថ្ងៃនេះ មានតែគំនិតផ្តួចផ្ដើម និងការវិនិយោគលើវិស័យអប់រំប៉ុណ្ណោះ ដែលអាចជួយឱ្យមនុស្សតាមទាន់បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជា ម៉ាស៊ីនចេះរៀន (Machine Learning), បច្ចេកវិទ្យា Cognitive computing, មនុស្សយន្ត និង ប្រព័ន្ធជំនាន់ក្រោយ (next generation system) ខណៈការអប់រំអំពីបច្ចេកវិទ្យាទាំងនេះ មិនទាន់មានការបញ្ចូលទៅក្នុងវិស័យអប់រំជាលក្ខណៈធំដុំនៅឡើយ។ ជាមួយនឹងល្បឿននៃការច្នៃប្រឌិតបច្ចេកវិទ្យានាពេលបច្ចុប្បន្ន បានធ្វើឱ្យការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ការសិក្សាពេញមួយជីវិត ការបន្តពង្រឹងជំនាញ (Upskilling) នឹងធ្វើឱ្យបុគ្គលិកអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព។

អ្នកបង្កើតគោលនយោបាយចាំបាច់ត្រូវផ្ដល់អាទិភាពដល់ការបណ្ដុះបណ្ដាលជំនាញ ដែលមានលក្ខណៈស៊ីគ្នាជាមួយនឹងសេដ្ឋកិច្ចនៃយុគសម័យបញ្ញាសិប្បនិម្មិត (AI)។ ជាក់ស្តែង ប្រទេសដែលជោគជ័យផ្នែកសេដ្ឋកិច្ច កាលពីអតីតកាល ដូចជា អាល្លឺម៉ង់ កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន បានផ្ដល់នូវមេរៀនដ៏មានតម្លៃជាច្រើនអំពីដំណើរការនេះ។ ប្រទេសទាំងនេះ បានសង្កត់ធ្ងន់លើការអភិវឌ្ឍធនធានមនុស្ស ផ្នែកវិស្វកម្ម បច្ចេកទេសបង្កើតថ្មី និងជំនាញ ដែលស៊ីនឹងស្ថានភាពសេដ្ឋកិច្ចប្រទេស ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសដទៃទៀតក្នុងតំបន់ និងពិភពលោក៕