ប្រមុខ UN ជំរុញឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ធ្វើការឆ្ពោះទៅរកការរំសាយអាវុធ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញការព្រមានដ៏សំខាន់អំពីស្ថានភាពជុំវិញអាវុធនុយក្លេអ៊ែ ដោយជំរុញឱ្យប្រទេសនានាដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមនៅក្នុងការរំសាយអាវុធ។
លោក Guterres បានថ្លែងអំពីបញ្ហានេះទៅកាន់កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់មកពីជុំវិញពិភពលោក នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។
ការជួបប្រជុំ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ដែលអង្គការសហប្រជាជាតិ ប្រារព្ធទិវាអន្តរជាតិសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។
ប្រមុខអង្គការសហប្រជាជាតិ បាននិយាយថា «ការកើនឡើងការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ បានឈានដល់កម្រិតព្រួយបារម្ភខ្លាំង»។
មនុស្សជាច្រើន បានឮពីការគំរាមកំហែងក្នុងការប្រើអាវុធនុយក្លេអ៊ែរ។ ការព្រមានរបស់លោក Guterres ធ្វើឡើងស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមប្រើអាវុធនុយក្លេអ៊ែរ។
លោក Guterres បានអំពាវនាវឱ្យប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក «ត្រឡប់ទៅរកដំណើរការកាត់បន្ថយអាវុធនុយក្លេអ៊ែរវិញ»។