• The People Post

ប្រាសាទសំបូរព្រៃគុក ឈរស្ងប់ស្ងាត់នៅព្រៃដ៏ធំនៃអតីតរាជធានីឦសានបុរៈ

បើតាមអាជ្ញាធរជាតិសំបូរព្រៃគុក តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានស្ថាបនាឡើងក្នុងរាជព្រះ​បាទ​ឦសា​នវរ្ម័នទី១ ដែលជាព្រះរាជបុត្ររបស់ចិត្រាសេន។ ក្នុងរាជ្យរបស់ព្រះអង្គ សំណង់ជាស្នាដៃឯកដ៏វិចិត្រនៃសិល្បៈខ្មែរសម័យមុនអង្គរ​រួមមានចម្លាក់ក្រឡោតលើឥដ្ឋ តួប្រាសាទឥដ្ឋរាង៨ជ្រុង ចម្លាក់លើកំបោរបាយអរ និងចម្លាក់ក្រឡោត​ក្នុងក្បាច់​មេដាយ។ វិសាលភាពនៃសំណង់រក្សាទឹក ជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីសារៈសំខាន់​របស់​រាជធានី និង​ពីសមិទ្ធផលបច្ចេកវិទ្យារបស់ស្ថាបត្យករ និងវិស្វករនាសម័យនោះ។

ប្រាសាទខ្លះ​ ត្រូវបានកសាងឡើងមុនរាជព្រះអង្គ ដូចជាក្នុងរាជ្យរបស់ព្រះបាទភវវរ្ម័នទី១ មហេន្ទ្រវរ្ម័ន និងភវវរ្ម័នទី២ ដែល​ជា​ញ្ញាតិសន្តានរាជវង្ស។ ទោះបីជាមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរ នៅសតវត្សរ៍ទី៩ក៏ដោយ ក៏សំបូរព្រៃគុក ​នៅជាមណ្ឌលសំខាន់មួយនៅសម័យអង្គរ ដោយមានការកសាងសំណង់​សាសនា​បន្ថែម និងជួសជុលសំណង់​ចាស់ៗពីមុន។

ភស្តុតាងទាំងនោះ ត្រូវបានរកឃើញលើក្បាច់លម្អនៅ​ប្រាសាទតោ ដែលមានលក្ខណៈស្រដៀងគ្នា​ទៅនឹងសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី២។ ក្រុមប្រាសាទ​សំបូរ មានសិលាចារឹកក្នុងរាជ្យ​របស់​ព្រះបាទ​​​រាជេន្រ្ទវរ្ម័នទី២ នៅសតវត្សរ៍ទី១០ និងសិលាចារឹកនៅ​ក្រុម​ប្រាសាទរបង​រមាសចារ​ក្នុងរាជ្យ​របស់​ព្រះ​បាទសុរិយា​វរ្ម័ន​ទី១។ តាមរយ:ការស្រាវជ្រាវ​កំណាយ​បុរាណវិទ្យា អ្នកជំនាញ ​ប្រទះឃើញ​នូវ​សំណល់​​បុរាណ​វត្ថុ​ជាច្រើនដែលស្ថិតក្នុងសម័យក្រោយអង្គរ​ផងដែរ។
សំណល់បុរាណជាច្រើននៅក្នុងរាជធានីឦសានបុរៈ គឺស្ថិតក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដូចជា ប្រាសាទឥដ្ឋ សិលាចារឹក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាដទៃទៀត។ សំណង់​​​ទាំងនោះ បានឆ្លុះបញ្ចាំងអំពីដំណាក់កាលនៃការរីកចម្រើនរបស់អារ្យធម៌ខ្មែរនាសម័យនោះ។ សំណង់​​​​ស្ថាបត្យកម្ម និងសិល្បៈបានបង្ហាញពីការទទួលឥទ្ធិពលវប្បធម៌ឥណ្ឌា ទន្ទឹមនឹងការរក្សានូវ​វប្បធម៌​ក្នុងស្រុក ដែលនេះបញ្ជាក់ពីដំណើរនៃការទទួលឥទ្ធិពលឥណ្ឌា និងនាំមកនូវលក្ខណៈឯកនៃ​វប្បធម៌ខ្មែរ។
ស្ថាបត្យកម្ម និងក្បូរក្បាច់រចនានៃចម្លាក់នៅលើតួប្រាសាទរាង៨ជ្រុង  ដែលអ្នកស្រាវជ្រាវ​ហៅថាប្រាសាទ​អណ្តែត និងក្បាច់រចនាលម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ក្នុង​សិល្បៈខ្មែរ៕