• The People Post

ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បង្ហាញភាពសមសួនរបស់ស្រ្តីខ្មែរ

នាឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ពិតជាបង្ហាញភាពស្រស់ស្អាត និងសមសួនបំផុតសម្រាប់នារីខ្មែរ។ ទន្ទឹមគ្នានេះ ការស្លៀកពាក់ត្រូវតាមបរិបទ ក៏ជាការតុបតែងខ្លួនមួយបែប អាចបង្ហាញពីការយល់ដឹង និងការឱ្យតម្លៃដល់ខ្លួនឯង នៅតាមទីសការៈ ឬទីសាធារណៈផងដែរ។

កញ្ញា សាន ស្រីនិច បុគ្គលិកក្រុមហ៊ុនឯកជនមួយនិយាយថា កញ្ញាពិតសប្បាយចិត្ត និងមានមោទកភាពដែលបានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយសារតែក្នុងមួយឆ្នាំអាចស្លៀកសម្លៀកបំពាក់បែបនេះ មួយដង ឬពីរដងប៉ុណ្ណោះក្នុងឱកាសបុណ្យប្រពៃណីជាតិ។ កញ្ញាថា ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងរដូវបុណ្យ​ភ្ជុំ គឺជាការបង្ហាញភាពសមសួន និងអាចរក្សាអត្តសញ្ញាណជាតិជាខ្មែរ បើទោះជាស្ថិតក្នុងសម័យទំនើបដែលមានការវិវត្តិរបៀបស្លៀកពាក់ច្រើន ក៏យើងនៅតែអាចត្រឡប់មកស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរនៅពេលមានពិធីបុណ្យជាតិបានដែរ។

ស្រីនិច បន្ថែមថា ទោះសម្លៀកបំពាក់ប្រពៃណីខ្មែរ ហូល ផាមួងខ្មែរ មានតម្លៃថ្លៃ ប៉ុន្តែក៏មិនមែនប្រើបានតែម្ដងនោះដែរ គឺអាចប្រើសម្រាប់ឆ្នាំក្រោយៗទៀត ហើយក៏អាចប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរនេះ សម្រាប់ចូលរួមពិធីបុណ្យជាតិធំៗដទៃទៀតបានផងដែរ។

សម្រាប់ កញ្ញា នង យូឡាយ គ្រូបង្រៀនសាលាឯកជនមួយកន្លែង លើកឡើងដែរថា ការស្លៀកសំម្លៀកបំពាក់ខ្មែរក្នុងរដូវបិណ្ឌភ្ជុំ កញ្ញាយល់ថា បានបង្ហាញពីគុណតម្លៃ និងភាពជានារីខ្មែរដែលមានចរិយាសម្បត្តិរាបសា រម្យទម និងសមសួន។ កញ្ញាបន្តថា ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងរដូវបិណ្ឌភ្ជុំនេះ គឺដើម្បីចង់បង្ហាញពីទនៀមទម្លាប់ខ្មែរដែលមានតាំងពីយូណាស់មកហើយខ្មែរ ហើយក៏ចង់បង្ហាញពីទំនៀមទម្លាប់ខ្មែរទៅមនុស្សជំនាន់ក្រោយឱ្យបានយល់ពីវប្បធម៌ក្នុងការស្លៀកសម្លៀកបំពាក់ឱ្យត្រូវទៅតាមកាលៈទេសៈ និងចង់ថែរក្សាសម្លៀកបំពាក់ហូលផាមួងខ្មែរឱ្យបានគង់វង្ស។

កញ្ញា នង យូឡាយ គិតថា ការស្លៀកសម្លៀកបំពាក់ខ្មែរក្នុងរដូវបិណ្ឌភ្ជុំនេះ មិនសូវចំណាយច្រើននោះទេ ពីព្រោះក្នុងរយៈពេលមួយឆ្នាំទើបចំណាយទៅលើការទិញឈុតប្រពៃណីខ្មែរម្តង ហើយយើងក៏អាចស្លៀកទៅចូលរួមពិធីផ្សេងៗពេលក្រោយបាន។

អ្នកស្រី សុខហេង អាជីវករលក់ដូរហូលផាមួងនៅផ្សារអូឬស្សី បានប្រាប់ឱ្យដឹងថា ការលក់សម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សម្រាប់ការលក់នៅតូបអ្នកស្រីផ្ទាល់ លក់ដាច់មួយៗតែប៉ុណ្ណោះ ប៉ុន្តែការបញ្ជាទិញតាមប្រព័ន្ធអនឡាញមានច្រើនគួរសម។ អ្នកស្រីបន្តថា ការលក់ដាច់ ភាគច្រើនជាប្រភេទសម្លៀកបំពាក់ប្រពៃណីខ្មែរ ប៉ុន្តែសាច់ក្រណាត់នាំចូលពីប្រទេសជិតខាង ដោយសារ​សាច់ក្រណាត់ដែលជាផលិតផលក្នុងស្រុកមានតម្លៃថ្លៃ។

សម្រាប់ អ្នកស្រី ណាវី អាជីវករលក់ដូរហូលផាមួងនៅផ្សារដើមគរវិញ ក៏បានលើកឡើងដែរថា ការលក់សម្លៀកបំពាក់ប្រពៃណីខ្មែរ អាវប៉ាក់ ហូលផាមួង មិនសូវដាច់ដូចឆ្នាំមុនៗទេ ដែលអ្នកស្រីគិតថា ប្រហែលមកពីបញ្ហាសេដ្ឋកិច្ចរបស់អ្នកទិញ។ អ្នកស្រី ណាវី បន្តថា អ្នកទិញភាគច្រើន ទិញតែសម្លៀកបំពាក់ដែលមិនមែនជាអាវប៉ាក់ ហូលផាមួងខ្មែរ ដោយសារវាមានតម្លៃត្រឹមតែ ៣៥ដុល្លារ ទៅ៥០ដុលារប៉ុណ្ណោះ ខណៈអាវប៉ាក់ ហូលផាមួងខ្មែរ គឺពួកគេ​ត្រូវចំណាយចាប់ពី ១០០ដុលារឡើងទៅ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា មនុស្សបច្ចុប្បន្ន មានការវិវត្តិម៉ូតសម្លៀកបំពាក់ ច្រើនធ្វើតាមលទ្ធភាព និងរស់និយមរបស់មនុស្សសម័យថ្មី។ សម្រាប់សម្លៀកបំពាក់ប្រពៃណីខ្មែរមានតម្លៃថ្លៃ ទើបប្រជាពលរដ្ឋខ្មែរមួយចំនួនទិញស្លៀកបំពាក់ប្រពៃណីដែលនាំចូលពីប្រទេសជិតខាងដោយសារមានតម្លៃទាប ហើយច្នៃមកទម្រង់ប្រពៃណីខ្មែរ។