៧ចំណុចដើម្បីរក្សាទំនាក់ទំនង
១. ការស្វែងរកខ្លួនឯង ៖ ចាប់ផ្តើមពីខ្លួនឯងដោយការមើលមកបច្ចុប្បន្នភាពរបស់ខ្លួន ដោយការរុករក និងសាកល្បងថ្មីៗ តាមរយៈការធ្វើសកម្មភាពថ្មីៗ ជួយឱ្យរកឃើញចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការបន្តអភិវឌ្ឍន៍បន្ថែមអំពីរបៀបរក្សាទំនាក់ទំនងដែលមានផាសុកភាព។
២. ការយល់ចិត្ត ៖ សមត្ថភាពនៃការយល់ចិត្ត គឺអាចវាស់ស្ទង់ស្ថានភាពផ្លូវចិត្ត ឬក៏ទុក្ខលំបាករបស់អ្នកទៃ ហើយការយល់ពីអ្នកដទៃបានច្រើន ជាកត្តានាំឱ្យកិច្ចសន្ទនា ឬការកសាងទំនាក់ទំនង។ ការស្វែងយល់អំពីអ្នកដទៃ មិនត្រឹមតែពង្រឹងសមត្ថភាពខ្លួនឯងដាក់ក្នុងស្ថានការណ៍នីមួយៗប៉ុណ្ណោះទេប៉ុន្តែអាចបញ្ចៀសការធ្វើបុរេវិនិច្ឆ័យទៅកាន់អ្នកដទៃ។
៣. ស្តាប់ដ៏សកម្ម ៖ និយមន័យ នៃការស្តាប់ដ៏សកម្ម គេជជែកអំពី ផ្តល់ការយកចិត្តទុកដាក់ចំពោះបុគ្គលដែលកំពុងនិយាយ រួមទាំងដឹងថា ត្រូវឆ្លើយតបដោយរបៀបណា? ឬប្រើប្រាស់ភាសាបែបណា ក្នុងការឆ្លើយតបជាដើម។ ជំនាញនៃការស្តាប់ ដើរតួយ៉ាងសំខាន់ក្នុងកិច្ចសន្ទនា និងបង្ហាញពីការគោរព និងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ បន្ថែមពីនោះ ស្តាប់ដ៏សកម្ម នាំឱ្យកិច្ចសន្ទនាកាន់តែមានប្រសិទ្ធភាពបន្ថែមមួយកម្រិតទៀត។
៤. ប្រសិទ្ធភាពនៃការជជែក ៖ ទំនាក់ទំនងផាសុកភាព ត្រូវការរបៀបបែបបទ ឬជំនាញក្នុងការប្រាស្រ័យទាក់ទង ហើយការនិយាយទាក់ទងគ្នាដែលមានគុណភាព គឺមានបង្កប់បរិយាកាសល្អ សម្រាប់ភាគីនីមួយៗ ក្នុងការហ៊ានបញ្ចេញគំនិត និងតម្រូវការ។ ក្រៅពីនោះ ការផ្តោតលើទំនាក់ទំនង ជាការកាត់បន្ថយជម្លោះ ឬការដោះស្រាយបញ្ហាដោយសន្តិវិធី។
៥. ការដាក់ដែនកំណត់ ៖ ការមានដែនកំណត់ជាក់លាក់ ជាមួយមនុស្សដែលត្រូវប្រាស្រ័យទាក់ទង បានជំរុញទៅដល់ការកសាងសុខភាពផ្លូវចិត្ត និងទំនាក់ទំនងទ្វេភាគី។ គួរជំរាបជូនដែរថា ការដាក់ដែនកំណត់ត្រង់ចំណុចនេះ មិនមែនជាការកាត់ផ្តាច់ ឬការរំពឹងទុកខ្ពស់ ជាមួយមនុស្សដែលត្រូវប្រាស្រ័យទាក់ទងនោះទេ ប៉ុន្តែជាការគិតគូរ អំពីការគោរពចំពោះខ្លួនឯង និងអ្នកដទៃ។
៦. ការលើកលែងទោស ៖ ការផ្ទុកនូវអារម្មណ៍ហ្មងសៅក្នុងរយៈពេលយូរ ជះឥទ្ធិពល ទៅកាន់សុខភាពខ្លួនឯងមុនគេបង្អស់។ ដូច្នេះ ការលើកលែងទោស ចំពោះហេតុការណ៍អ្វីមួយ គឺជាការដោះទោស និងបន្ថយភាពតានតឹងចំពោះខ្លួនឯង។
៧. ការស្វែងរកជំនួយ ៖ ទទួលយកជំនួយពីខាងក្រៅ ជាការកសាងបណ្តាញនៃដំណោះស្រាយ និងការយកចិត្តទុកដាក់ថែទាំគ្នា ទៅវិញទៅមក។ ប្រភពមនុស្សដែលអាចផ្តល់ការគាំទ្រ ជាពិសេសនោះគឺ អ្នកជំនាញសុខភាពផ្លូវចិត្ត ហើយពេលខ្លះក៏អាចពឹងមិត្តជិតស្និត សមាជិកគ្រួសារ និងមនុស្សជាទីស្រឡាញ់ណាម្នាក់។ មិនថា លោកអ្នកទទួលបានការគាំទ្រ កម្រិតណានោះទេ សូមកុំរំពឹងភាពស្រាកស្រាន្តក្នុងរយៈពេលខ្លីៗ ព្រោះមុននឹងឈានទៅរកភាពសះស្បើយ គឺត្រូវការពេលវេលា បន្តិចម្តងៗ៕