ប៉ូឡូញ អាល្លឺម៉ង់ និងបារាំងប្រកាសគាំទ្រម៉ុលដាវីចូលរួមសហភាពអឺរ៉ុប
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Tomasz Sikorski និងសមភាគីអាល្លឺម៉ង់ និងបារាំងនាថ្ងៃទី១៧ កញ្ញា បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រដល់ម៉ុលដាវី ក្នុងការចូលរួមជាសមាជិកសហភាពអឺរ៉ុប (EU)។
សេចក្តីថ្លែងការណ៍រួមនេះត្រូវបានចេញក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ម៉ុលដាវី និងការចូលរួមក្នុងវេទិកាភាពជាដៃគូម៉ុលដាវីលើកទី៥ របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ អាល្លឺម៉ង់ និងបារាំង។
លោក Sikorski និងសមភាគីអាល្លឺម៉ង់ និងបារាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលម៉ុលដាវីសម្រេចបានក្នុងការអនុវត្តគោលដៅចូលរួមសហភាពអឺរ៉ុប។ ដំណើរការនៃការចូលរួមសហភាពអឺរ៉ុប គឺអាចធ្វើទៅបានដោយសារកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ភាពក្លាហានរបស់មេដឹកនាំនយោបាយ និងការប្តេជ្ញាចិត្តរបស់ប្រជាជនម៉ុលដាវី។
យោងតាមសេចក្តីថ្លែងការណ៍រួមខាងលើ ប៉ូឡូញ អាល្លឺម៉ង់ និងបារាំងនឹងបន្តគាំទ្រម៉ុលដាវី ក្នុងការសម្រេចបាននូវគោលដៅនៃការក្លាយជាសមាជិកសហភាពអឺរ៉ុប រួមទាំងការធានានូវការគោរពចំពោះតម្លៃជាមូលដ្ឋានរបស់សហភាពអឺរ៉ុប ដូចជាអធិបតេយ្យភាព សិទ្ធិពលរដ្ឋ និងនីតិរដ្ឋជាដើម។
ទាក់ទិននឹងសមត្ថភាពការពារទឹកដី រដ្ឋមន្ត្រីការបរទេសទាំងបីបានយល់ស្របថា កងកម្លាំងប្រដាប់អាវុធម៉ុលដាវី និងកងកម្លាំងពាក់ព័ន្ធផ្សេងទៀត ចាំបាច់ត្រូវបំពាក់យ៉ាងពេញលេញ និងបង្កើនសមត្ថភាពការពារទឹកដី។ ដូច្នេះ ប៉ូឡូញ អាល្លឺម៉ង់ និងបារាំង នឹងបន្តផ្តល់ការគាំទ្រក្នុងវិស័យសន្តិសុខ និងកិច្ចសហប្រតិបត្តិការការពារជាតិ ទាំងទ្វេភាគី និងតាមរយៈស្ថាប័នសន្តិភាពអឺរ៉ុប។
សេចក្តីថ្លែងការណ៍រួមក៏បានស្វាគមន៍ចំពោះជោគជ័យរបស់ម៉ុលដូវ៉ាក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខដែរ។
សម្រាប់ភាគីម៉ុលដាវីវិញ ប្រធានាធិបតីលោកស្រី Maia Sandu បានកោតសរសើរចំពោះវត្តមានរបស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ អាល្លឺម៉ង់ និងបារាំង ហើយបានសង្កត់ធ្ងន់ថា នេះនឹងបង្កើតការលើកទឹកចិត្តសម្រាប់ម៉ុលដាវីក្នុងការបន្តអនុវត្តគោលដៅនៃសមាហរណកម្មអឺរ៉ុប។ លោកស្រីអះអាងថា ម៉ុលដូវ៉ាដឹងយ៉ាងច្បាស់ថាអនាគតរបស់ប្រទេសគឺការក្លាយជាសមាជិកសហភាពអឺរ៉ុប ដែលប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងសន្តិភាព វិបុលភាព និងសុវត្ថិភាព។
ម៉ុលដាវីត្រូវបានផ្តល់ឋានៈជាបេក្ខភាពឱ្យចូលជាសមាជិកសហភាពអឺរ៉ុបនៅខែមិថុនាឆ្នាំ២០២២ បន្ទាប់មកនៅថ្ងៃទី២៥ ខែមិថុនា សហភាពអឺរ៉ុបបានបើកការចរចាជាផ្លូវការជាមួយម៉ុលដាវីលើបញ្ហាសមាជិកភាព។ គេរំពឹងថា ម៉ុលដាវីនឹងធ្វើប្រជាមតិលើបញ្ហានៃការចូលជាសមាជិកសហភាពអឺរ៉ុបនៅថ្ងៃទី២០ ខែតុលា ដែលចំថ្ងៃការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។
សហភាពអឺរ៉ុប ដែលហៅកាត់ថា EU ជាអង្គការអន្តរជាតិ និងជាអង្គការអន្តររដ្ឋាភិបាលមួយប្រចាំតំបន់អឺរ៉ុប ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ ពោលគឺ បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី២។ បច្ចុប្បន្ន សហភាពអឺរ៉ុបមានប្រទេសជាសមាជិកចំនួន ២៧ប្រទេសរួមមាន ១. អូទ្រីស ២. បែលហ្ស៊ិក ៣. ប៊ុលហ្ការី ៤. ក្រូអាស៊ី ៥. ស៊ីប ៦. សាធារណរដ្ឋឆែក ៧. ដាណឺម៉ាក ៨. អេស្តូនី ៩. ហ្វាំងឡង់ ១០. បារាំង ១១. អាល្លឺម៉ង់ ១២. ក្រិក ១៣. ហុងគ្រី ១៤. អៀរឡង់ ១៥. អ៊ីតាលី ១៦. ឡេតូនី ១៧. លីទុយអានី ១៨. លុចសំបួ ១៩. ម៉ាល់ត៌ ២០. ហូឡង់ ២១. ប៉ូឡូញ ២២. ព័រទុយហ្កាល់ ២៣. រ៉ូម៉ានី ២៤. ស្លូវ៉ាគី ២៥. ស្លូវេនី ២៦. អេស្បាញ ២៧. ស៊ុយអ៊ែត ៕