• The People Post

បើ​ធ្វើ​ការបម្រើ​សង្គម​ដូចគ្នា មិនគួរ​ឈ្លោះ​គ្នា​!

ការ​ឈឺឆ្អាល ការចេះដឹង ទឹកចិត្ត​ស្រលាញ់​សង្គម និង​ចង់​ឲ្យ​ប្រទេស​រីកចម្រើន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ ជាពិសេស​យុវជន​ចូលរួម​យ៉ាង​ផុសផុល​អភិវឌ្ឍ​សង្គម​គ្រប់​រូបភាព ដូចជា​តាមរយៈ​ការ​បង្កើតជា​អង្គការ បង្កើត​ក្រុមយុវជន និង​ស្ថាប័ន​មិន​រកប្រាក់​ចំណេញ ហើយ​ស្វែងរក​មូលនិធិ និង​អ្នកខ្លះ​ចំណាយ​ថ​រិ​កា​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​សកម្មភាព​ជួយ​សង្គមជាតិ​។  ពួកគេ​លះបង់​ទាំង​កំលាំងចិត្ត កំលាំងកាយ ប្រាជ្ញា​ស្មារតី ដើម្បី​បង្កើត​គម្រោង​ផ្សេងៗ​ជួយ​ដល់​សហគមន៍​។

តែ​យ៉ាងណា នៅពេល​ពួកគេ​ធ្វើការ​ងារ​នោះ តែង​ជួប​នៅ​បញ្ហា​ល្អក់កករ​នឹង​គ្នា រហូត​ពេលខ្លះ​ឈានទៅរក​ទំនាស់​ទៀតផង​។ ទំនាស់​ទាំងអស់នោះ​កើតចេញពី​ការធ្វើការ​បែងចែក​បក្ស​ពួក ការ​មិនចេះ​អធ្យាស្រ័យ​គ្នា  ការ​លាប​ពណ៌ និង​ម្យ៉ាង​ការងារ​ទាំងអស់នោះ​គ្មាន​ប្រាក់កំរៃ​ទៀត ដែលជា​ហេតុ​បណ្តាល​ឲ្យ​មានទំនាស់​នឹង​គ្នា និង​ឈានទៅរក​ការបែកបាក់​។ ជាទូទៅ​គ្មាន​ន​ណា​ម្នាក់​ចង់​មាន​បញ្ហា​នោះឡើយ ប៉ុន្តែ​មនុស្ស​ជា​អ្នកបង្កើត​បញ្ហា ហើយ​មនុស្ស ក៍​អាច​ដោះស្រាយ​បញ្ហា​បាន​ដូចគ្នា​។​

ជា​ដំណោះស្រាយ​យើងទាំងអស់គ្នា​ដែល​ស្រលាញ់​សង្គម​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ ចេះ​ស្តាប់​គ្នា មិន​មើលបំណាំ​គ្នា មាន​បញ្ហា​ត្រូវ​ចេះ​ពិភាក្សាគ្នា ហើយ​បុគ្គល​ជា​ថ្នាក់ដឹកនាំ​នៅក្នុង​ស្ថាប័ន និង​ក្រុម​មិនត្រូវ​លម្អៀង​ទៅខាង​ណា​ឡើង និង​ធ្វើការ​កាត់សេចក្តី​ត្រូវ​ឈរលើ​ភាពត្រឹមត្រូវ​ក្នុងការ​សម្របសម្រួល​ប​ញ្ហា​ធំ​មក​ជាធំ​តូច និង​បញ្ហា​តូច​មកជា​គ្មាន និង​បញ្ចា​ប់​បញ្ហា​ដោយ​ការមិន​ប្រកាន់​គុំកួន សងសឹក​គ្នា​ឡើយ​។ ដូច្នេះ​ទឹកចិត្ត​និង​ទិសដៅ​នៃ​ការស្រលាញ់​សង្គម​ដូចគ្នា គួរ​ណាស់​ផ្តើម​ការស្រលាញ់​ខ្លួនឯង ក្រុមគ្រួសារ និង​មនុស្ស​នៅក្នុង​ស្ថាប័ន​ដែល​កំពុង​បម្រើ​សង្គម​ដូចគ្នា​៕