អានសៀវភៅដោយរបៀបណា ទើបទទួលបានចំណេះដឹង?
ការអាន គឺទទួលបានចំណេះដឹងច្រើន ជួយលើកស្ទួយប្រាជ្ញាស្មារតី គិតបានស៊ីជម្រៅ និងបង្កើនចំណេះដឹងផ្នែកអក្សរសាស្ត្រ ស្គាល់ពាក្យចាស់ ពាក្យថ្មីកាន់តែច្រើន ហើយអាចយកមកប្រើក្នុងការនិយាយ និងការសរសេរបានកាន់តែល្អ។ ម្យ៉ាងវិញទៀត ការអានធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ ព្រោះវាជាផ្នែកមួយនៃការកម្សាន្តផងដែរ។ តែផ្ទុយទៅវិញ មនុស្សភាគច្រើនមិនចូលចិត្តអានទេ ហើយប្រសិនជាអានក៏មិនសូវយល់ពីរបៀបនៃការអានសៀវភៅនោះដែរ។ តើគួរអានដោយរបៀបណា ទើបមានប្រសិទ្ធភាព?
ទី១) ជ្រើសរើសសៀវភៅ៖ អ្នកត្រូវតែសួរខ្លួនឯងថា សៀវភៅប្រភេទណាដែលអ្នកចូលចិត្តអាន អ្នកចង់ដឹង ចង់ឃើញ និងគិតថាវាមានប្រយោជន៍សម្រាប់អ្នក។ ហើយក៏ត្រូវមើលកាលបរិច្ឆេទ និងឈ្មោះអ្នកនិពន្ធផងដែរ ថាតើអ្នកនិពន្ធនោះមានឈ្មោះល្បីឬទេ? ស្នាដៃនិពន្ធរបស់គាត់ អ្នកទទួលស្គាស់ឬអត់?
ទី២) អានមាតិកា និងសេចក្តីផ្តើម៖ មុននឹងចាប់ផ្តើមអានសៀភៅអ្នកត្រូវតែអានមាតិកា និងសេចក្តីផ្តើមនៃសៀវភៅនោះ ថាតើក្នុងមាតិកា និងសេចក្តីផ្តើមនោះ មានចំណុចដែលអ្នកចង់ដឹងឬចាប់អារម្មណ៍ដែរឬទេ? ប្រសិនជាអ្នកចាប់អារម្មណ៍ សឹមយកវាមកអានបន្តទៀត។
ទី៣) ត្រូវមានវចនានុក្រម៖ នៅពេលចាប់ផ្តើមអានសៀវភៅ គឺត្រូវមានវចនានុក្រមជាប់ខ្លួន ដើម្បីពិនិត្យមើលពាក្យដែលអ្នកមិនចេះឬមិនយល់ពីអត្ថន័យនៃពាក្យនោះ។
ទី៤) ត្រូវមានខ្មៅដៃ ឬប៊ិក៖ ពេលកំពុងអានត្រូវមានខ្មៅដៃ ឬប៊ិក ដើម្បីទុកគូសចំណុចសំខាន់ៗ គូសពាក្យដែលអ្នកមិនចេះឬមិនយល់ និងគូសជាសញ្ញាសម្គាល់អ្វីមួយ។
ទី៥) ចេះឆ្ងល់ និងចោទជាសំណួរ៖ ពេលកំពុងអានប្រសិនជាអ្នកមិនយល់ត្រូវចេះឆ្ងល់ និងចោទជាសំណួរ ហើយព្យាយាមស្វែងយល់ និងរកចម្លើយតាមរយៈការអានរបស់អ្នក។ ម្យ៉ាងទៀត ប្រសិនជាឆ្ងស់ហើយ នៅតែរកចម្លើយមិនឃើញទៀត អ្នកត្រូវធ្វើការស្រាយជ្រាវក្នុងសៀវភៅផ្សេង ឬទុកសួរអ្នកដទៃទៀត។
ទី៦) សង្ខេបខ្លឹមសារ៖ បន្ទាប់ពីអានរួចហើយ អ្នកត្រូវសង្ខេបយកចំណុចសំខាន់ ថាតើគេចង់បង្ហាញពីអ្វី? គេចង់ផ្តល់ចំណេះដឹងអ្វីខ្លះ? ហេតុអ្វីបានជាគេហានអះអាងឬបកស្រាយយ៉ាងដូច្នេះ? ជាពិសេស អ្នកត្រូវសង្ខេបយកខ្លឹមសារសំខាន់ៗទាំងនោះ ដើម្បីយកទៅពន្យល់ដល់អ្នកដទៃឲ្យពួកគេអាចយល់ដូចអ្វីដែលអ្នកបានអានសៀភៅនោះផ្ទាល់៕