• The People Post

គ្រាន់តែ​ធ្វើ​រឿង​ទាំងនេះ អ្នក​នឹង​មិន​មាន​ជំងឺលើសឈាម​ទេ

ជំងឺ​លើស​សម្ពាធ​ឈាម​ គឺជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​មួយ បើសិនជា​មិន​បាន​គ្រប់គ្រង ឬ​ព្យាបាល​វា​ទេ​។ វា​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ដែរ ​ដូច​ជាខ្សោយបេះដូង ខ្វាក់​ភ្នែក ជំងឺ​តម្រងនោម ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ផ្សេង​ៗ​ទៀត​។

មាន​មធ្យោបាយ​ធម្មជាតិ​ច្រើន​ណាស់​ ដែល​អាច​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​បាន​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ទេ​។ យ៉ាងណាមិញ​បើសិនជា​អ្នក​មិន​ទាន់​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ទេ យក​ល្អ​គួរតែ​ប្រើ​វិធី​ដើម្បី​បង្ការ​វា​សិន​ទៅ​ដូច​ជា​៖

ញ៉ាំ​អាហារ​ផ្តល់​សុខភាព

ការ​ញ៉ាំ​របប​អាហារ​សម្បូរ​ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ អាហារ​មាន​ជាតិ​ខ្លាញ់​ទាប បន្លែ និង​អាហារ​មាន​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ុល​ទាប ព្រោះ​វា​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ហោច​ណាស់ ១៤​មី​លី​ម៉ែត្រ​បា​រ៉​ត​បាន​។

បន្ថយ​គ្រឿង​ស្រវឹង

តាម​ការ​សិក្សា​ចំនួន ១៥​បាន​រក​ឃើញ​ថា ការ​បន្ថយ​គ្រឿង​ស្រវឹង នឹង​បន្ថយ​សម្ពាធ​ឈាម​បាន​ដែរ​។ ការ​សិក្សា​មួយ​ដែល​ធ្វើ​លើ​ស្ត្រី​ក្នុង​មន្ទីរពេទ្យ Boston’s Brigham and Women’s Hospital បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តិចតួច​ត្រឹមតែ​មួយ​ភាគ​បួន​ទៅ​កន្លះ​កំប៉ុង​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ ប្រហែលជា​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​ច្រើន​ជាង​មិន​បាន​ញ៉ាំ​សោះ​។

ហាត់ប្រាណ ឬ​ដើរ​ជា​ទៀងទាត់

ការ​ហាត់ប្រាណ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដែល​ត្រូវធ្វើ​ដើម្បី​ជួយ​គ្រប់គ្រង និង​បញ្ចុះ​សម្ពាធ​ឈាម​។ ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ធ្វើ​ឲ្យ​បេះដូង​ធ្វើការ​កាន់តែ​ខ្លាំង និង​ច្របាច់​ឈាម​កាន់តែ​ល្អ ហើយ​ក៏​អាច​បញ្ចុះ​សម្ពាធ​ឈាម​ក្នុង​សរសៃឈាម​អាក់ទែ​បាន​ដែរ​។

យក​ល្អ​គួរតែ​ហាត់ប្រាណ​កម្រិត​មធ្យម​យ៉ាង​ហោច​ណាស់ ១៥០​នាទី​ដូច​ជា ការ​ដើរ ឬ​ហាត់ប្រាណ​ខ្លាំងក្លា​ប្រហែល៧៥​នាទី​ដូច​ជា រត់​កីឡា ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​។ រឿង​នេះ​នឹង​អាច​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង និង​បញ្ចុះ​សម្ពាធ​ឈាម​បាន​។

សម្រក​ទម្ងន់

យោង​ទៅ​តាម Mayo Clinic បាន​ឲ្យ​ដឹង​ថា សម្ពាធ​ឈាម​អ្នក​ច្រើន​តែ​កើនឡើង​ទៅ​តាម​ការ​ឡើង​ទម្ងន់​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ដែល​ឡើង​ទម្ងន់​អាច​រំខាន​ដល់​ការ​ដកដង្ហើម​ខណៈ​ពេល​អ្នក​កំពុង​តែ​គេង ហើយ​ក៏​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​បាន​ដែរ​។

ការ​សម្រក​ទម្ងន់​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​គ្រប់គ្រង​សម្ពាធ​ឈាម ហើយ​ការ​សម្រក​ទម្ងន់​ត្រឹមតែ ៤,៥​គីឡូក្រាម​ក៏​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​ដែរ​។ ក្រៅពី​ការ​សម្រក​ទម្ងន់ អ្នក​គួរតែ​ពិនិត្យ​ទៅ​លើ​ទំហំ​ចង្កេះ​ផង​។ ការ​ដែល​ធាត់​នៅ​តំបន់​ចង្កេះ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​ថែម​ទៀត​។

បន្ថយ​ការ​ញ៉ាំ​ជាតិ​ផ្អែម

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​មួយ​រវាង​ការ​បន្ថែម​ជាតិ​ស្ករ និង​លើស​សម្ពាធ​ឈាម​។ ក្នុង​ការ​សិក្សា​សុខភាព​របស់ Framingham Women បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​គ្រាន់តែ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​មួយ​កំប៉ុង​រាល់ថ្ងៃ​គឺ​ប្រឈម​ខ្ពស់​ជាង​អ្នក​ដែល​ញ៉ាំ​តិច​ជាង​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។

ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​តិច​ជាង​មួយ​កំប៉ុង​គឺ​មិន​ងាយ​លើស​សម្ពាធ​ឈាម​ទេ​។

បន្ថយ​ការ​ញ៉ាំ​ប្រៃ

យោង​ទៅ​តាម Mayo Clinic បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​បន្ថយ​ជាតិ​ប្រៃ​ក្នុង​របប​អាហារ​ក៏​អាច​បន្ថយ​សម្ពាធ​ឈាម​ពី ២ ទៅ​៨​មី​លី​ម៉ែត្រ​បា​រ៉​ត​ដែរ​។ ខណៈ​ពេល​ដែល​ឥទ្ធិពល​នៃ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម​ចំពោះ​សម្ពាធ​ឈាម​មានការ​ប្រែប្រួល​ទៅ​តាម​មនុស្ស​ម្នាក់​ៗ​នោះ អ្នក​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​មតិច​ជាង ២៣០០​មី​លី​ក្រាម​រាល់ថ្ងៃ ឬ​តិច​ជាង​នេះ​។

ឈប់​ជក់បារី

ហេតុផល​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ជក់បារី​នោះ​គឺថា វា​ជា​ទម្លាប់​ដ៏​អាក្រក់​មួយ ហើយ​ក៏​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​ដ៏​ខ្លាំង​ផង​ដែរ​។ ការ​ដែល​ជក់បារី​ជា​ប្រចាំ​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បន្តិច​ម្តង​ៗ​។ សារធាតុ​គីមី​ក្នុង​បារី​ត្រូវ​បាន​គេ​ដឹង​ថា អាច​បំផ្លាញ​សរសៃឈាម​បាន​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​មិន​បាន​រក​ឃើញ​នូវ​ទំនាក់ទំនង​រវាង​ការ​លើស​សម្ពាធ​ឈាម និង​ការ​ជក់បារី​ទេ​។ រឿង​នេះ​ប្រហែលជា​ដោយសារ​តែ​អ្នក​ជក់បារី​មាន​ភាពស៊ាំ​ហើយ​៕