កូរ៉េខាងជើងអះអាងថា យុវជន ១,៤លាននាក់ បានចុះឈ្មោះចូលបម្រើទ័ពក្នុងសប្តាហ៍នេះ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធ (១៦ តុលា) នេះបាននិយាយថា យុវជនប្រហែល ១,៤លាននាក់ រួមទាំងសិស្សានុសិស្ស និងមន្ត្រីសម្ព័ន្ធយុវជនបានចូលរួម ឬត្រឡប់ទៅបម្រើកងទ័ពវិញក្នុងសប្តាហ៍នេះ។ របាយការណ៍របស់ KCNA បាននិយាយថា យុវជនបានប្តេជ្ញាប្រយុទ្ធក្នុង “សង្រ្គាមស័ក្ដិសិទ្ធិបំផ្លាញសត្រូវដោយអាវុធមនោគមវិជ្ជា”។
ការអះអាងរបស់កូរ៉េខាងជើង ក្នុងការមានយុវជនជាងមួយលាននាក់ចុះឈ្មោះក្នុងជួរកងទ័ពប្រជាជនកូរ៉េ របស់ប្រទេសរយៈពេលត្រឹមតែពីរថ្ងៃនេះ បានកើតឡើងស្របពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងឧបទ្វីបកូរ៉េ។ កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏បានធ្វើការអះអាងស្រដៀងគ្នានេះចំពោះតួលេខពលរដ្ឋដែលស្ម័គ្រចិត្តចូលរួមយោធាដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។
កូរ៉េខាងជើង បានបំផ្ទុះផ្នែកខ្លះនៃផ្លូវអន្តរកូរ៉េ និងផ្លូវរថភ្លើងនៅខាងព្រំដែនរបស់ខ្លួនដែលមានកំពែងដ៏រឹងមាំរវាងកូរ៉េទាំងពីរកាលពីថ្ងៃអង្គារ ដោយជំរុញឱ្យយោធាកូរ៉េខាងត្បូងបាញ់ព្រមាន។
ទីក្រុងព្យុងយ៉ាង ក៏បានចោទប្រកាន់ទីក្រុងសេអ៊ូល ថាបានបញ្ជូនយានដ្រូនឆ្លងកាត់រដ្ឋធានីកូរ៉េខាងជើង ហើយប្រទេសកូរ៉េទាំងពីរបានប៉ះទង្គិចគ្នាជុំវិញបាឡុងសំរាមដែលបង្ហោះតាំងពីខែឧសភា ពីកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងបាននិយាយថា ការបង្ហោះបាឡុងសំរាមនោះគឺជាការឆ្លើយតបទៅនឹងបាឡុងដែលបញ្ជូនដោយសកម្មជនប្រឆាំងរបបនៅក្នុងកូរ៉េខាងត្បូង៕