• The People Post

លោក Zelenskyy ផ្តើម​«ផែនការ​ជ័យ​ជម្នះ»​សម្រាប់​សហភាព​អឺរ៉ុប​និង​សម្ពន្ធមិត្ត​អូតង់

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​គន្លឹះ​ដើម្បី​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ នៅ​ក្នុង​របៀប​មួយ​ដែល​ការពារ​វា​ មិន​ឱ្យ​កើត​ឡើង​ម្តង​ទៀត គឺ​សាមគ្គីភាព​អឺរ៉ុប ដាក់​សម្ពាធ​លើ​រុស្ស៊ី ​និង​ពង្រឹង​អ៊ុយក្រែន។

លោកZelenskyy បាន​និយាយ​នៅ​ពេល​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​រាជធានី​ព្រុច សែល ​ដើម្បី​ថ្លែង​សុន្ទរកថា ​ទៅកាន់​ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប ​ហើយ​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង្គការ​អូតង់។ លោក​បាន​និយាយ​ថា៖ «រុស្ស៊ី នឹង​ប្រើ​ប្រាស់​ជម្រើស​ការទូត​ នៅ​ពេល​ដែល​ខ្លួន​មើលឃើញ​ថា​ខ្លួន​មិន​អាច​សម្រេច​ជោគជ័យ​ ដោយ​កម្លាំង​បាន។ យើង​ត្រូវតែ​បង្កើត​ស្ថានភាព​ត្រឹមត្រូវ​មួយ ​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ»។
ជំនួប​នេះ​ជា​ឱកាស​ថ្មីៗបំផុត ​របស់​លោក​ប្រធានាធិបតី Zelenskyy ដើម្បី​ដាក់​ជូន «ផែនការ​ជ័យ​ជម្នះ»​របស់​លោក​ដល់​សម្ពន្ធមិត្ត​លោក​ខាង​លិច។
នៅ​ក្នុង​សុន្ទរកថា​ទៅកាន់​សភា​អ៊ុយក្រែន​ កាលពី​ថ្ងៃ​ពុធ លោក Zelenskyy បាន​សង្កត់​ពី​ទស្សនៈ​របស់​លោក ​ដើម្បី​បញ្ចប់​ការឈ្លានពាន​រយៈពេល៣២ខែ ​របស់​រុស្ស៊ី រួមមាន​ការ​អំពាវនាវ​ឱ្យ​អញ្ជើញ​អ៊ុយក្រែន​ ដោយ​គ្មាន​លក្ខខណ្ឌ ​ដើម្បី​ចូលរួម​អង្គការ​អូតង់​ហើយ​នឹង​ការដាក់​ពង្រាយ​អាវុធ ​ដែល​មិន​មែន​នុយក្លេអ៊ែរ​ ដើម្បី​កំញើញ​ភាព​គឃ្លើន​របស់​រុស្ស៊ី។
ប្រធាន​អង្គការ​អូតង់ ​លោក Mark Rutte បាន​និយាយកាលពី​ថ្ងៃ​ពុធ​ថា ​សមាជិកភាព​ដែល​កើតឡើង ​ដោយ​យថាហេតុ​របស់​អ៊ុយក្រែន​ នៅ​ក្នុង​អង្គការ​អូតង់​ជា​ «ការពុំ​អាច​ប្រែប្រួល​បាន» ​នៅពេល​ដែល​ពេល​វេលា​មក​ដល់ ក៏ប៉ុន្តែពី​ព្រោះ​តែ​រដ្ឋាភិបាល​ក្រុង​កៀវ ​មិន​អាច​ចូលរួម ​ខណៈ​ដែល​មាន​សង្គ្រាម​នេះ​ទេ លោក​បាន​បដិសេធ ​ដើម្បី​ដាក់​ពេលវេលា​នៃ​ការ ចូល​ជា​សមាជិកភាព​នេះ​ទេ។
លោក​ប្រធានាធិបតី Zelenskyy បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត ​ដល់​រុស្ស៊ី​ឱ្យ​ដក​ កង​ទ័ព​របស់​ខ្លួន ​ចេញពី​អ៊ុយក្រែន ​ហើយ​នឹង​ធ្វើ​ឱ្យ​ខ្សែ​បន្ទាត់​ទឹក​ដី​ឡើង​វិញ ​របស់​អ៊ុយក្រែន​មុន​ពេល​រុស្ស៊ី ​យក​តំបន់ Crimea ជា​ឧបសម្ព័ន្ធ​ជា​ឯតោភាគី ​នៅ​ឆ្នាំ២០១៤ ជា​សំណើ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បដិសេធ។
យោធា​អ៊ុយក្រែន ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន២២ គ្រឿង​ក្នុង​ចំណោម​ដ្រូន​ទាំង​អស់៥៦គ្រឿង ​ដែល​កងទ័ព​រុស្ស៊ី ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការវាយ​ប្រហារ​ រយៈពេល​មួយ​យប់ ​ដៅលើ​តំបន់​នានា​នៅ​ភាគ​កណ្តាល ​និង​ខាង​លិច​ប្រទេស​អ៊ុយក្រែន៕