• The People Post

យន្តហោះ​គ្មាន​មនុស្ស​បើករបស់ចិន ​អាច​ហោះ​បានចម្ងាយ​៤០០០​គីឡូម៉ែត្រ​

គំរូយន្តហោះ Lanying R6000 របស់ចិន អាចហោះហើរដោយខ្លួនឯង បានរយៈចម្ងាយឆ្ងាយរហូតដល់ ៤០០០គីឡូម៉ែត្រ ដែលអាចផ្ទុកមនុស្សបាន ១០នាក់ ឬទំនិញ ២តោន។

សាជីវកម្មយន្តហោះ United Aircraft របស់ចិន បានផលិតយន្តហោះប្រភេទគ្មានមនុស្សបើក ដែលមានទម្ងន់ ៦តោនដំបូងគេរបស់ពិភពលោក។ ក្រុមហ៊ុនបាន​បញ្ចេញនូវគំរូយន្តហោះថ្មី នៅក្នុងសួនឧស្សាហកម្មអាកាសចរណ៍ Wuhu ក្នុងស្រុក Wanzhi ទីក្រុង Wuhu ខេត្តអានហួយ។ នេះបើយោងតាមវេបសាយ Interesting Engineering នៅថ្ងៃទី១៤ ខែតុលា។ យន្តហោះប្រភេទ​នេះ ​មានឈ្មោះ Lanying R6000 ជា​យានជំនិះ​គ្មាន​មនុស្ស​បើក​ទំនើប​បំផុត​របស់​ពិភពលោក ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន United Aircraft Corporation ។

យន្តហោះគ្មានមនុស្សបើក Lanying R6000 អាចដំណើរការទាំងប្រតិបត្តិការដឹកទំនិញ និងអ្នកដំណើរ ដោយបម្រើការហោះហើរផ្លូវឆ្ងាយពីទីតាំងមួយទៅទីតាំងមួយទៀត។ ទម្ងន់អតិបរមានៃការចុះចតរបស់ Lanying R6000 គឺ ៦តោន ហើយបរិមាណទំនិញអតិបរមាដែលអាចផ្ទុកមានទម្ងន់ ២តោន។

យន្តហោះ​នេះ​អាច​ដឹក​អ្នក​ដំណើរ​បាន ​១០​នាក់​ក្នុង​រយៈ​ចម្ងាយ​អតិបរមា​៤០០០​គីឡូម៉ែត្រ​។ ល្បឿនហោះលឿនបំផុតរបស់យន្តហោះនេះគឺ ៥៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានរយៈកម្ពស់អតិបរមាគឺ ៧៦២០ម៉ែត្រ។

នាពេលអនាគត Lanying R6000 អាចជួយឲ្យរួមចំណែក្នុងវិស័យដឹកជញ្ជូនយ៉ាងច្រើន ជាពិសេសការឆ្លើយតបបន្ទាន់ និងការការពារជាតិ។ Lanying R6000 អាចហោះឡើង ចុះចតត្រង់បញ្ឈរ និងហោះលើអាកាសដូចឧទ្ធម្ភាគចក្រធម្មតា។

សាជីវកម្ម United Aircraft បានដាក់ទីតាំងផលិតកម្មនៅឯ Wuhu United Aircraft ដែលជាទីស្នាក់ការកណ្តាលផលិតកម្មដ៏សំខាន់របស់ក្រុមនៅភាគខាងកើតប្រទេសចិន។ បន្ទាប់ពីរយៈពេល ១០ឆ្នាំនៃការអភិវឌ្ឍ សួនឧស្សាហកម្មអាកាសចរណ៍ Wuhu បច្ចុប្បន្នបានទាក់ទាញអាជីវកម្មជិត២០០ក្រុមហ៊ុន ដែលរីករាលដាលពាសពេញខ្សែច្រវាក់ផ្គត់ផ្គង់ រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍ ការផលិត ការថែទាំ ប្រតិបត្តិការ ការបណ្តុះបណ្តាល និងការដឹកជញ្ជូនជាដើម៕