• The People Post

ប្រទីបរបស់ក្រសួង ស្ថានប័ននានាកំពុងរៀបចំតុបតែងលម្អត្រៀម​អបអរ​ក្នុងព្រះរាជពិធី​បុណ្យ​អុំទូក

ប្រទីបរបស់ក្រសួង និងស្ថាប័ននានា កំពុងរៀបចំ​តុប​តែង​លម្អ​ត្រៀម​បណ្តែត​ក្នុងព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅ នៅខែវិច្ឆិកា​ខាង​មុខ​នេះ​។

គិតមកដល់ថ្ងៃទី១៧ ខែតុលានេះ ការរៀបចំតុបតែងលម្អប្រទីបរបស់ក្រសួង ស្ថាប័ននានា កំពុង​មមាញឹក ដើម្បីត្រៀមបណ្តែតអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះ​ព្រះ​ខែ។ ប្រទីបដែលកំពុងរៀបចំទាំងនោះមានដូចជា៖ប្រទីបព្រឹទ្ធសភា រដ្ឋសភាព រាជដ្ឋាភិបាល ព្រះបរមរាជវាំង ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួង​ទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញជាដើម។

បើតាមការលើកឡើងរបស់យុវជនបានប្រាប់BTVឱ្យដឹងថា នៅឆ្នាំនេះ នឹងចូល​ព្រះពិធី​បុណ្យ​អុំទូ​ក​នៅ​មុខព្រះបរមរាជវាំង មើលការប្រណាំងទូក អុជកាំជ្រួច បណ្តែតប្រទីប និងដើរ​ទស្សនា​ស្តង់​តាំង​ពិព័រណ៍ផ្សេងៗ។

ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេល​៣​ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាទម្លាប់ ពិធីបុណ្យអុំទូក​ខុស​ប្លែក​ពីពិធី​បុណ្យនានា ដែលប្រជាពលរដ្ឋ​ខ្មែរភាគ​ច្រើន​ធ្វើដំ​ណើរ​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ឆ្ពោះ​ទៅស្រុ​កកំ​ណើត ឬតំបន់កំសាន្តនានា រីឯព្រះរាជពិធីនេះវិញ គឺប្រជាពលរដ្ឋខ្មែរ​ភាគ​ច្រើន​បាន​នាំគ្នាធ្វើ​ដំណើរពីខេត្តនានា មកទស្សនាការប្រណាំងទូកនៅរាជធានីភ្នំពេញ។

គួរំលឹក​ដែរថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ ក្នុង​គោល​បំណងរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលដឹកនាំ​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ រំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ចាម) ដែលបានចូល​មក​ឈ្លាន​ពាន​ត្រួត​ត្រាខ្មែរអស់រយៈពេល៤ឆ្នាំ ពោលនៅ គ.ស.១១៧៧–១១៨១។ ជា​ភស្តុតាង​នៃ​រឿង​ចម្បាំងក្នុងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ដោយ​បាន​ឆ្លាក់រូបភាពកងទ័ពទូកជាច្រើនមហិមា និងមានព្រះឆាយាលក្ខ័នៃព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់​ឈរលើទីតាំងនាវាចម្បាំង ដោយទ្រង់ធ្នូនិងដំបងយ៉ាងស្វាហាប់ ក្នុងចំណោម​ទ័ព​ទូក​ទាំ​ង​ឡាយ​៕