• The People Post

អូស្ត្រាលី នឹងទិញមីស៊ីលអាម៉េរិកតម្លៃ៤,៧ពាន់លានដុល្លា

រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសគម្រោងទិញមីស៊ីលចម្ងាយមធ្យម និងឆ្ងាយពីអាម៉េរិកក្នុងកញ្ចប់ទឹកប្រាក់៤,៧ពាន់លានដុល្លាសម្រាប់កងទ័ពជើងទឹករបស់ខ្លួន។ ការទិញមីស៊ីលដែលនឹងបំពាក់លើនាវានេះ ជាការឆ្លើយតបនឹងសភាពការណ៍ពិភពលោកដែលតានតឹង។

តាមការបញ្ជាក់របស់រដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្រ្តាលី លោក Pat Conroy ក្រុងកង់បេរ៉ា ចង់ទិញមីស៊ីលប្រភេចចម្ងាយឆ្ងាយ និងមធ្យមពីក្រុមហ៊ុនផលិតអាវុធអាម៉េរិក RTX។ យ៉ាងណាក្ដី លោក Conroy មិនទាន់មានការបញ្ជាក់កាលបរិច្ឆេទ ដែលលម្អិតពីការដឹកជញ្ជូនសព្វាវុធទាំងនោះទៅកាន់អូស្រ្តាលីនៅឡើយទេ។

«យើង រស់នៅក្នុងការប្រកួតប្រជែងសព្វាវុធយ៉ាងខ្លាំងក្លាក្នុងតំបន់ ព្រមជាមួយនឹងភាពស្រពិចស្រពិលផ្នែកយុទ្ធសាស្ត្រ ចាប់តាំងពីឆ្នាំ១៩៤៥»។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្រ្តាលីដែលធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន។

មីស៊ីលដែលអូស្ត្រាលីទិញ មីស៊ីលស្តង់ដារ ​SM-2IIIC ជាអាវុធចម្ងាយមធ្យម ដែលអាចបាញ់បានចម្ងាយ១៦៦គីឡូម៉ែត្រ និងមីស៊ីលស្តង់ដារ SM-6 ជាអាវុធចម្ងាយឆ្ងាយ ដែលអាចស្ទាក់ចាប់មីស៊ីលបាលីស្ទិកល្បឿនលឿន និងបាញ់បានចម្ងាយ៣៧០គីឡូម៉ែត្រ។ អាវុធទាំងនេះនឹងត្រូវបញ្ជាទិញតាមការជួញដូរយោធាបរទេស(FMS) ក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាម៉េរិក។

អូស្ត្រាលី នឹងបំពាក់មីស៊ីលទាំងនេះនាវាចម្បាំងរបស់ខ្លួន។

ប្រធានផ្នែកគ្រប់គ្រងអាវុធ និងគ្រាប់យុទ្ធភណ្ឌនៃក្រសួងការពារជាតិអូស្រ្តាលី លោក Marshal Leon បានឱ្យដឹងថា កញ្ចប់ទឹកប្រាក់៤,៧ពាន់លានដុល្លានេះ ស្ថិតក្នុងទឹកប្រាក់សរុបប្រហែល២០ពាន់លានដុល្លានៃការបញ្ជាទិញអន្តរជាតិក្រៅគម្រោងរបស់រដ្ឋាភិបាលខ្លួន។

ការទិញមីស៊ីលរបស់ក្រុងកង់បេរ៉ា ជារឿងដែលគេរំពឹងទុកជាច្រើនឆ្នាំមកហើយ ដោយអូស្ត្រាលី បានក្លាយជាប្រទេសដំបូងដែលបានប្រើមីស៊ីលប្រភេទ SM-6 ក្នុងសមយុទ្ធកាលពីខែសីហា នៅក្បែរកោះហាវ៉ៃ អាម៉េរិក។ នេះបើតាមរបណ្ដាញវិទ្យុផ្សព្វផ្សាយអូស្រ្តាលី ABC៕