ក្រុមហ៊ុនរថភ្លើងជប៉ុន បង្កើតឆ័ត្រការពារកាំបិតសម្រាប់បុគ្គលិក
ក្រុមហ៊ុនរថភ្លើងជប៉ុន JR West បានផលិតឆ័ត្រមួយប្រភេទដែលអាចទប់ទល់នឹងកាំបិត។ ការអភិវឌ្ឍរបស់ក្រុមហ៊ុន មានគោលដៅការពារអ្នកដំណើរ និងបុគ្គលិកលើរថភ្លើងពីអ្នកវាយប្រហារដោយប្រើកាំបិតដែលធ្លាប់កើតឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan News នៅថ្ងៃទី២៣ ខែតុលា។
ក្រុមហ៊ុនរថភ្លើង JR West នឹងដាក់ឱ្យប្រើប្រាស់ឆ័ត្រការពារដំបូងក្នុងខែវិច្ឆិកា ដោយផ្ដល់ឆ័ត្រការពារប្រភេទនេះចំនួន២ ទៅបុគ្គលិកក្បាលរថភ្លើងនីមួយៗមានប្រហែល៦០០គ្រឿង ដែលធ្វើដំណើរក្នុងតំបន់ Kinki រួមមានទាំងខេត្ត Osaka និងខេត្ត Kyoto ផង។
«ពួកយើង នឹងប្រឹងប្រែងបន្ថែមក្នុងការបង្កើនសុវត្ថិភាពដល់អ្នកដំណើរឱ្យបានមុនការប្រារព្ធព្រឹត្តិការណ៍ Osaka-Kansai Expo ក្នុងឆ្នាំ២០២៥»។ ក្រុមហ៊ុន JR West បានបញ្ជាក់នេះ។
ឆ័ត្រការពារនីមួយៗ មានទម្ងន់០,៧គីឡូក្រាម ដងប្រវែង១ម៉ែត្រ និងអង្កត់ផ្ចិត១,១ម៉ែត្រ។ ឆ័ត្រនេះ ផលិតដោយប្រើគ្រឿងបង្គំពិសេសដូចជាក្រណាត់សំណាញ់ ដែលការពារពីភាពមុតស្រួចនៃកាំបិត និងអនុញ្ញាតឱ្យអ្នកកាន់មើលធ្លុះទៅម្ខាង នៅពេលបើកប្រើប្រាស់។
ការបង្កើតឆ័ត្រនេះ នឹងជួយដោះស្រាយការវាយប្រហារដោយកាំបិតដែលកើតជាញឹកញយ។ ក្នុងឆ្នាំ២០២៣ បុរសកាន់កាំបិតម្នាក់ បានចាក់មនុស្ស៣នាក់ ដែលរួមមានអ្នកដំណើរ២នាក់ នៅទីតាំងរថភ្លើង JR Kansai-Airport Line ក្នុងខេត្ត Osaka ។
កន្លងមក ក្រុមហ៊ុនរថភ្លើងនេះ បានដាក់ឧបករណ៍ការពារក្នុងរថភ្លើង ដូចជារបាំងការពារ អាវ និងស្រោមដៃការពារកាំបិត។ ប៉ុន្តែក្រុមហ៊ុន បានអភិវឌ្ឍជាឆ័ត្រការពារ ដែលងាយស្រួលប្រើប្រាស់ជាង៕