• The People Post

សហភាពអឺរ៉ុប កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមដើម្បីដាក់លើរុស្ស៊ី

ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula Von der Leyen បានប្រកាសនៅថ្ងៃទី១៦ ខែឧសភា ថា EU កំពុងតែរៀបចំត្រៀមកញ្ចប់ទណ្ឌកម្មថ្មី ដើម្បីបន្តដាក់គំនាបផ្នែកសេដ្ឋកិច្ចបន្ថែមលើរុស្ស៊ី។ សេចក្ដីសម្រេចនេះ បានធ្វើឡើងអំឡុងវេទិកាសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុងទីរ៉ាណា អាល់បានី។

ខណៈដែលតំណាងរបស់អ៊ុយក្រែន និងរុស្ស៊ី ជួបគ្នាដើម្បីចរចានៅទីក្រុងអ៊ីស្ដាន់ប៊ូល ប្រទេសតួគី ប្រមុខសហភាពអឺរ៉ុប លោកស្រី Ursula Von der Leyen បានប្រកាសពីគម្រោងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។

ថ្លែងក្នុងវេទិកាសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុងទីរ៉ាណា របស់អាល់បានី នៅថ្ងៃទី១៦ ខែឧសភា លោកស្រី Von der Leyen បានប្រកាសពីការរៀបចំនូវកញ្ចប់ទណ្ឌកម្មថ្មី ដើម្បីត្រៀមដាក់គំនាបបន្ថែមលើរុស្ស៊ី ដោយចោទថាក្រុងមូស្គូ មិនចង់ស្វែងរកសន្តិភាព។

«គាត់[ប្រធានាធិបតីរុស្ស៊ី លោក ពូទីន] មិនចង់បានសន្តិភាព, ដូច្នេះយើងត្រូវតែបង្កើនសម្ពាធ, ហើយនេះជាហេតុផលដែលពួកយើងកំពុងតែធ្វើការលើកញ្ចប់ថ្មីនៃទណ្ឌកម្ម»។ លោកស្រីប្រមុខ EU បានអះអាងបែបនេះអំឡុងវេទិកា។

តាមការបញ្ជាក់របស់លោកស្រីប្រមុខសហភាំពអឺរ៉ុប កញ្ចប់ទណ្ឌកម្មថ្មីនេះ រួមបញ្ចូលទាំងទណ្ឌកម្មលើបំពង់ឧស្ម័ន១ និង២ ដែលជាមធ្យោបាយលក់ឧស្ម័នរបស់រុស្ស៊ីមកកាន់អឺរ៉ុប។ ក្រៅពីនេះ ទណ្ឌកម្មនឹងមានលើផ្នែកហិរញ្ញវត្ថុរុស្ស៊ីផងដែរ។ គួរជម្រាបថា អឺរ៉ុប បានអនុម័តរួចហើយនូវកញ្ចប់ទណ្ឌកម្មចំនួន១៧ ដើម្បីដាក់លើរុស្ស៊ីនៅសប្ដាហ៍នេះ។

ការប្រកាសរបស់លោកស្រី Von der Leyen បានធ្វើឡើង ខណៈអ៊ុយក្រែន និងរុស្ស៊ី កំពុងជួបគ្នានៅទីក្រុងអ៊ីស្ដាន់ប៊ូល ដើម្បីចរចាបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយបន្តទៀត។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលបានចូលរួមក្នុងវេទិកានោះដែរ បានប្រកាសពីគោលដៅចម្បងរបស់រដ្ឋាភិបាលខ្លួនលើការបង្កើតបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ដើម្បីបើកឱ្យមានគ្រឹះសម្រាប់កិច្ចចរចាផ្សេងៗនាពេលអនាគត។

កិច្ចចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្ដាន់ប៊ូល ត្រូវបានរំពឹងថានឹងមានវត្តមានលោក វ្ល៉ាឌីមៀ ពូទីន និងលោក ហ្សេឡេនស្គី ត្រូវបានបរាជ័យ បន្ទាប់ពីមេដឹកនាំទាំងពីរ សម្រេចមិនចូលរួម និងជំនួសដោយការបញ្ជូនបេក្ខជនចរចារៀងខ្លួនឱ្យទៅចូលរួម។

ការណ៍ដែលលោក ពូទីន សម្រេចមិនទៅចូលរួមក្នុងកិច្ចចរចា បណ្ដាលឱ្យមេដឹកនាំអឺរ៉ុបមួយចំនួនខឹងសម្បារ និងខកចិត្តជាខ្លាំង តួយ៉ាងដូចជាលោកនាយករដ្ឋម​ន្ត្រីអង់គ្លេស Keir Starmer, អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងអគ្គរដ្ឋលេខាធិការណាតូ លោក Mark Rutte ជាដើម។

កិច្ចចរចារយៈពេលមិនដល់២ម៉ោងនោះ ក៏មិនទទួលបានផ្លែផ្កាអ្វីដែរ ដោយប្រភពរបស់អ៊ុយក្រែន បានបញ្ជាក់ថា ការចង់បានរបស់ភាគីរុស្ស៊ីលើកិច្ចព្រមព្រៀង គឺមិនអាចទទួលយកបាន៕