«ព្រះពុទ្ធបដិមា» ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ ត្រូវបានដាក់តម្កល់ ក្នុងបរិវេណអាកាសយានដ្ឋានអន្ដរជាតិតេជោ

នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល បានធ្វើពិធីដាក់ «ព្រះពុទ្ធបដិមា» កសាងពីស្ពាន់ និងលោហៈ មានកម្ពស់ ៩ម៉ែត្រ និងទម្ងន់ ៩តោន ដាក់លើបល្ល័ង្ក នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។
ពិធីបែបព្រះពុទ្ធសាសនានេះ បានរៀបចំឡើង ដោយមានការយាងនិមន្ត ពីសម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលប្រារព្ធធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ព្រះពុទ្ធបដិមានេះ មានទម្ងន់៩តោន និងមានកម្ពស់៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ អាចនឹងប្រើប្រាស់បុគ្គលិក ដើម្បីបម្រើសេវាកម្ម ដល់អ្នកធ្វើដំណើរមិនក្រោម១,០០០នាក់នោះទេ។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕