• The People Post

ហ្វីលីពីនបិទសាលារៀនមួយចំនួន ដោយសារអាកាសធាតុក្តៅខ្លាំង

រលកកំដៅដ៏ធ្ងន់ធ្ងរមួយកំពុងកើតឡើងនៅហ្វីលីពីន ដែលបង្ខំឱ្យអាជ្ញាធរក្នុងតំបន់មួយចំនួនបិទសាលារៀនជាបន្តបន្ទាប់។

នៅថ្ងៃទី២ ខែមីនា សាលារៀនជាច្រើននៅហ្វីលីពីនរាប់ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យក្នុងខេត្ត Iloilo, Negros Occidental, Capiz, South Cotabato នៅតំបន់ភាគខាងលិច Visayas និង Mindanao ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីជៀសវាងការឡើងកំដៅ និងធានាសុខភាពដល់សិស្ស និងគ្រូ។ នេះបើតាមសារព័ត៌មាន The Manila Times ។

 

បើតាមទីភ្នាក់ងារអាកាសធាតុជាតិហ្វីលីពីន (PAGASA) តំបន់ជាច្រើននៅក្នុងតំបន់ភាគខាងលិច Visayas បានកើនកំដៅដល់ ៤១អង្សា។ ទន្ទឹមនេះ យ៉ាងហោចណាស់ទីក្រុងចំនួន៤ នៅលើកោះ Mindanao និង Luzon ត្រូវបានព្យាករនឹងមានកំដៅឡើងដល់ ៤២-៤៣ អង្សាសេដែលស្ថិតក្នុងកម្រិតគ្រោះថ្នាក់មួយ។

 

PAGASA និងអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្វីលីពីនបានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនក្តៅ ហត់នឿយ និងជំងឺដាច់សរសៃឈាមខួរក្បាលដែលអាចកើតឡើងក្នុងអំឡុងពេលក្តៅយូរ។ ប្រជាជនត្រូវបានណែនាំឲ្យកំណត់ពេលវេលាចេញក្រៅ ជៀសវាងសកម្មភាពហត់នឿយ និងផឹកទឹកឱ្យបានច្រើន ជាពិសេសនៅពេលថ្ងៃត្រង់ និងពេលរសៀល។

 

អ្នក​ជំនាញ​អាកាសធាតុ​ហ្វីលីពីន​មួយ​ចំនួន​បាន​ព្យាករ​ថា កំដៅ​​នឹង​កាន់​តែ​ខ្លាំង​ដែល​ភាគ​ច្រើន​ក្នុង​ខែ​មេសា​នេះ។

 

កំដៅ និងគ្រោះរាំងស្ងួតកំពុងកើតឡើងនៅហ្វីលីពីន ដោយសារតែប្រទេសនេះស្ថិតក្នុងវដ្តនៃបាតុភូត El Nino ហើយរងផលប៉ះពាល់ដោយការឡើងកំដៅផែនដី។ PAGASA ព្យាករថា ត្រឹមខែឧសភា ឆ្នាំ២០២៤ មុនពេលបាតុភូត La Ninna លេចឡើង ខេត្តចំនួន ៥៤នៅហ្វីលីពីនអាចទទួលរងនូវកំដៅខ្លាំង និងគ្រោះរាំងស្ងួត។

 

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំមុ ក្រសួងអប់រំហ្វីលីពីនបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យនាយកសាលារដ្ឋ និងឯកជនមានសិទ្ធផ្អាកថ្នាក់រៀនដោយផ្ទាល់ ប្រសិនបើអាកាសធាតុក្តៅខ្លាំងខុសពីធម្មតា៕