• The People Post

ប្រធានរដ្ឋសភាជាស្រ្តី ៖ឱកាសនិងលទ្ឋភាពលើកកម្ពស់ សមភាពយេនឌ័រនៅកម្ពុជា កាន់តែច្រើន

វត្តមានស្រ្តីជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ នៅក្នុងនោះវត្តមានសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គឺជាស្រ្តីដំបូងគេនៅកម្ពុជា ដែលទទួលបានតំណែងសំខាន់ដឹកនាំស្ថាប័នកសាងច្បាប់ ។

វត្តមានសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា ជាជោគជ័យធំមួយរបស់ស្រ្តីកម្ពុជា ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ លើសពីនេះ នៅពេលមានប្រធានរដ្ឋសភាជាស្រ្តី នឹងមានលទ្ឋភាពកាន់តែខ្លំាងនិងមានឱកាសកាន់តែច្រើន នៅក្នុងការជំរុញសមភាពយេនឌ័រនៅកម្ពុជា តាមរយៈការកសាងច្បាប់ឬការបញ្ជ្រាបបញ្ហាស្រ្តីនៅក្នុងសេចក្តីព្រាងឬសេចក្តីស្នើច្បាប់នានា។

តាមពិតទៅតំាងពីដើមមក សម្តេចរដ្ឋសភាធិបតី បានយកចិត្តទុកដាក់ដល់ការលើកកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ស្រ្តីនិងកុមារ ជាមួយរាជរដ្ឋាភិបាល។ សម្តេចបានគូសបញ្ជាក់ថាស្រ្តីជាដៃគូដ៏សំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

សម្តេចប្រធានរដ្ឋសភា ធ្លាប់បានលើកឡើងថា នៅក្នុងនីតិកាលទី៧នេះ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ រដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋសភាបានកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើមនិងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម៕