• The People Post

សភាឌីជីថល៖ប្រសិទ្ធភាពការងាររដ្ឋសភា ក្នុងការបម្រើប្រជាពលរដ្ឋកាន់តែខ្ពស់

នីតិកាលទី៧ ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលបានផ្តល់អាទិភាពនៅក្នុងការប្រែក្លាយក្រសួង ស្ថាប័ន ទៅជាស្ថាប័នឌីជីថល។

បើនិយាយពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ដោយយកពលរដ្ឋជាស្នូល រដ្ឋសភាបានកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើអភិបាលកិច្ចល្អ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកទឹកចិត្តនិងជំរុញការអភិវឌ្ឍស្ថាប័ន រដ្ឋសភាឱ្យទៅជាសភាឌីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដែរ។

ការអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ជារដ្ឋសភាឌីជីថល គឺដើម្បីចាប់ដៃនិងរួមសហការជាមួយ រាជរដ្ឋាភិបាលនៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទំនុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតនិងធ្វើយ៉ាងណាឱ្យកម្ពុជារក្សាបាននូវសុខសន្តិភាព និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ស្របតាមទិសដៅអភិវឌ្ឍន៍ នៅក្នុងឆ្នាំ២០៣០ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ឆ្ពោះទៅរដ្ឋសភាឌីជថល សម្តេចរដ្ឋធិបតី លើកទឹកចិត្ត គំាទ្រការធ្វើកំណែទម្រង់ស្ថប័ន ផ្តោតការកសាង ពង្រឹងសមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា និងការបំពាក់សម្ភារៈបច្ចេកទេសលើការងាររដ្ឋបាល។

តើនឹងមានការរីកចម្រើននិងផ្លាស់ប្តូរអ្វីខ្លះ នៅពេលរដ្ឋសភាក្លាយជាសភាឌីជីថល?

ពិភពលោកបានកំពុងស្ថិតនៅក្នុងយុគសម័យថ្មីនៃឧស្សាហកម្ម ៤.0។ ការជឿនលឿនខាង បច្ចេកវិទ្យាជានិន្នាការថ្មី ដែលបណ្តាប្រទេសទំាងអសត្រូវខិតខំរត់ឱ្យទាន់។សភាឌីជីថល មានប្រយោជន៍ច្រើន ដែលគេអាចនិយាយថា នឹងធ្វើឱ្យមុខងារទំាងបីរបស់រដ្ឋសភា មានការងារនីតិកម្ម ការតាមដានការអនុវត្តន៍ច្បាប់ និងភាពជាតំណាងរបស់ពលរដ្ឋប្រជាពលរដ្ឋនោះ ត្រូវបានអនុវត្តដោយតម្លាភាព រហ័ស និងមានប្រសិទ្ធភាពកាន់ខ្ពស់។

ក្នុងក្របខណ្ឌប្រជុំអនុម័តច្បាប់ នៅពេលសភាក្លាយជាសភាឌីជីថល ការងារនេះ ទំនងកាន់តែ រហ័ស ហើយសមាជិករដ្ឋសភាអាចធ្វើការងារផ្សេងទៀតបាន នៅក្នុងពេលដំណើរការសម័យប្រជុំរដ្ឋសភានោះ។ នៅក្នុងការងារនីតិកម្មនេះ ការបោះឆ្នោតជ្រើសតំាង ឬការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល និងស្ថាប័នសំខាន់ៗរបស់ជាតិ ជាកិច្ចការស្នូលមួយនិងដែលត្រូវអនុវត្តជាញឹកញយក្នុងមួយនីតិកាលៗ។ នៅពេលបច្ចុប្បន្ននេះ ការបោះឆ្នោត ធ្វើឡើងដោយសមាជិករដ្ឋសភាត្រូវគូសលើសន្លឹកឆ្នោត ហើយយកសន្លឹកឆ្នោតទៅទម្លាក់ក្នុងហិបឆ្នោត។ ការរាប់សន្លឹកឆ្នោត ត្រូវរាប់មួយសន្លឹកម្តងៗ។ ដូច្នេះពីពេលផ្តើមដំណើរការរហូតបញ្ចប់ការបោះឆ្នោតមួយលើកៗ បានចំណាយពេលច្រើនម៉ោង។

ប៉ុន្តែនៅពេលរដ្ឋសភាក្លាយជារដ្ឋសភាឌីជីថល នីតិវិធីប្រាកដជាងាយស្រួលហើយការចំណាយពេលកាន់តែតិចដែរ។ការបោះឆ្នោតអាចធ្វើឡើងតាមរបៀបអេឡិចត្រូនិច មិនបាច់គូសលើសន្លឹកឆ្នោត ហើយមកទម្លាប់ក្នុងហិបនិងត្រូវរាប់ម្តងមួយសន្លឹកទៀតនោះទេ។ សមាជិកសមាជិការដ្ឋសភាអាចបោះឆ្នោតតាមទម្រង់អេឡិចត្រូនិចហើយគេអាចដឹងលទ្ធផលភ្លាមៗ។

រដ្ឋសភាបណ្តាប្រទេសជឿនលឿមួយចំនួន បានអភិវឌ្ឍទៅជាសភាឌីជីថល។ រដ្ឋសភាឌីជីថលនឹងធ្វើឱ្យតំណាងរាស្រ្ត មានឱកាសបម្រើប្រជាពលរដ្ឋកាន់តែច្រើននិងប្រកបដោយគុណភាព ប្រសិទ្ធភាព។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានឆន្ទះមុះមុតនៅក្នុងការអភិវឌ្ឍស្ថាប័ន។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាទោះបីសមាជិករដ្ឋសភា ភាគច្រើនមានវ័យចាស់ មិនដូចសមាជិករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលភាគច្រើនជាយុវជនមានវ័យក្រោម៦០ឆ្នាំ យ៉ាងណាក្តី ក៍សមាជិកសមាជិកការរដ្ឋសភា មានឆន្ទះនិងភាពស្វាហាប់នៅក្នុងការបម្រើពលរដ្ឋ។ សម្តេចបានបញ្ជាក់ថាដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់ប្រជាពលរដ្ឋ យើងត្រូវធ្វើដំណើរទៅមុខឱ្យទាន់បច្ចេកវិទ្យា។

ក្នុងបុព្វហេតុបម្រើពលរដ្ឋ រដ្ឋសភានីតិកាលទី៧ បានកំពុងបោះជំហានក្នុងភាពវិជ្ជមានឆ្ពោះទៅកាន់សភាឌីជីថល ជាបណ្តើៗ៕