ព័ត៌មានសំខាន់ៗនៅថ្ងៃអាទិត្យទី២១ ខែមេសាឆ្នាំ២០២៤នេះ មានចំនួន៥
សួមរីករាយទទួលព័ត៌មានទំាងនោះពីសារព័ត៌មានអេឡិចត្រូនិច People Post ដូចខាងក្រោម។
សារព័ត៌មាន People Post ព័ត៌មានសម្រាប់ប្រជាជន។
១,លោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។
ប្រមុខការទូតចិន រូបនេះនឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រហូតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដោយក្នុងនោះលោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីសំខាន់ៗ មួយចំនូនទៀត។
២,យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ខណៈការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាដើមខែក្រោយ។
តាមកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ ដោយប្រើប្រាស់យន្តហោះចំនួន២គ្រឿង។ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា ក្រុមហ៊ុននឹងចាប់ផ្តើមបើកលក់សំបុត្រ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះតទៅ ជាមួយនឹងជើងហោះហើរសម្ពោធចាប់ពីថ្ងៃទី០២ ឧសភា ឆ្នាំ២០២៤ តទៅ។ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនៅពេលខាងមុខ។
៣,ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ។
៤,មរណភាពលោកសាស្រ្តាប្រវត្តិសាស្រ្ត សំបូរ ម៉ាណារ៉ា ជាការបាត់បង់ធនធានរបស់ជាតិ។ ក្រោយពេលទទួលមរណភាព លោក សំបូរ ម៉ាណារ៉ា សាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ ត្រូវបានរដ្ឋាភិបាល និងសង្គមស៊ីវិលចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ជាតិផ្នែកអប់រំ។ លោកសាស្ដ្រាចារ្យរូបនេះ បានលាចាកលោក កាលពីព្រឹកមិញ ដោយរោគាពាធ នៅអាយុ៦៧ឆ្នាំ។
៥,កម្ពុជា ខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(UN)ដែលចោទប្រកាន់កម្ពុជា ថា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស កាលពីថ្ងៃទី១៨មេសា។ ជុំវិញនៃការចោទប្រកាន់នេះ កម្ពុជាប្រកាសច្រានចោល ហើយបានលើកឡើងថា ការចោទពីក្រុមអ្នកជំនាញរបស់UN គឺជាការភ័ន្តច្រឡំ ដែលនាំឱ្យមានការយល់ខុសទាំងស្រុង មិនឆ្លុះបញ្ចាំងពីតថភាពលម្អពលរដ្ឋ និងនយោបាយនៅកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថា សិទ្ធិមនុស្ស រួមទាំងសេរីភាព បញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី មិនមែនជាសិទ្ធិដាច់ខាតនោះទេ។ សិទ្ធិសេរីភាពទាំងអស់នេះត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវ និងដែនកំណត់ចែងដោយច្បាប់ ដូចមានកំណត់នៅក្នុងបញ្ញត្តិមាត្រា ១៩(៣) មាត្រា ២១ និង មាត្រា ២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ និងមាត្រា ១៩(២) នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។