• The People Post

ការទូតសភា៖ សម្តេចរដ្ឋសភាធបតី ឃួន សុដារី នឹងជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមចិន និងប្រធានរដ្ឋសភាឡាវ នៅព្រឹកថ្ងៃទី២៣ ខែមេសាស្អែក

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសជាមិត្តចំនួនពីរដាច់ដោយឡែកពីគ្នានាព្រឹកថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៤ស្អែក នៅវិមានរដ្ឋសភា ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជានឹងប្រទេសជាមិត្តទំាង ក្របខណ្ឌប្រជាជន និងប្រជាជន ប្រទេសនិងប្រទេសហើយរដ្ឋសភា និងរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិននិងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមចិន ។ បន្ទាប់មកសម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារបន្តជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចរដ្ឋសភាធបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ឱ្យដឹងថា ក្រៅការងារដឹកនាំរដ្ឋសភាជាប្រចាំថ្ងៃ និងការបំពេញភារកិច្វស្នូលជាតំណាងរាស្រ្ត សម្តេចរដ្ឋសភាធិបតី បានឆ្លៀតពេលមមាញឹកដើម្បីទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា បណ្តាអង្គទូតប្រទេសជាមិត្ត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវផលប្រយោជន៍ជូនស្ថាប័ន ប្រជាពលរដ្ឋនិងប្រទេសជាតិ ក៏ដូចជាវិបុលភាព សម្រាប់តំបន់និងសកលលោកផងដែរ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី បានយកចិត្តទុកដាក់ជាខ្លំាង អំពីការងារការទូតសភា ហើយវិស័យនេះ បានក្លាយជាការងារស្នូលសំខាន់មួយរបស់រដ្ឋសភា នីតិកាលទី៧នេះ៕