• The People Post

ទទួលទានទឹកអំពៅជួយកសិករ និងបានប្រយោជន៍ដល់សុខភាព

របរលក់ទឹកអំពៅចល័តតាមចិញ្ចើមផ្លូវ ដុះដាល់និងហាក់ត្រូវប៉ាន់នារដូវក្ដៅឆ្នាំនេះ។

អ្វីពិសេសជាងនេះ ការទទួលទានទឹកអំពៅជួយដល់កសិករអ្នកដាំដុះ។ និយាយពីអ្នកលក់ទឹកអំពៅវិញ ទោះជាមានការប៉ះពាល់ដោយសារតែការឡើងកម្តៅក៏ពិតមែន តែអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រភេទនេះ ពួកគេបង្ហាញការសប្បាយចិត្ត និងមិនរុញរាក្នុងការស៊ូទ្រាំលក់នៅក្រោមកម្ដៅថ្ងៃឡើយ។
តាមឯកសារខ្លះ ទឹកអំពៅមិនត្រឹមតែជួយបំបាត់ភាពស្រេកទឹកទេ ប៉ុន្តែនៅសំបូរដោយកាបូអ៊ីដ្រាត ប្រូតេអ៊ីន ពពួកវីតាមីន និងជាតិរ៉ែដូចជាផូស្វ័រ កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី និងជាតិដែកដែលមានប្រយោជន៍ច្រើនដល់សុខភាព។
ផឹកទឹកអំពៅអាចបន្ថែមថាមពលដល់យើងពេលដែលយើងមានអារម្មណ៍អស់កម្លាំង។ ជាតិស្ករ sucrose នៅក្នុងអំពៅគឺមានប្រសិទ្ធភាពក្នុងការបំពេញថាមពលដែលយើងបាត់បង់ព្រោះងាយស្រួលរំលាយ។ ដូចនេះបើយើងមានអារម្មណ៍អស់កម្លាំង យើងអាចផឹកទឹកអំពៅដើម្បីបំពេញថាមពលឡើងវិញ។
ប្រសិនជាយើងមានស្នាមជ្រួញមុនវ័យ យើងអាចផឹកទឹកអំពៅដើម្បីដោះស្រាយបញ្ហានេះ។ នេះមកពីទឹកអំពៅមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីត phenolic និងសារធាតុ flavonoids ជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកទន់រលោងពីខាងក្នុងដែលអាចកាត់បន្ថយស្នាមជ្រួញ។
ការពុកធ្មេញអាចមកពីអនាម័យមាត់ធ្មេញមិនល្អ និងកង្វះជាតិរ៉ែ។ ប៉ុន្តែទឹកអំពៅអាចជួយប្រឆាំងនឹងបញ្ហាក្លិនមាត់ និងធ្មេញពុកបានដោយសារទឹកអំពៅផ្ទុកជាតិរ៉ែដែលជួយឲ្យធ្មេញរឹងមាំ និងបំបាត់ក្លិនមាត់។
គ្នាយើងដែលមានបញ្ហាទល់លាមក ទឹកអំពៅអាចមានប្រយោជន៍ជួយសម្រួលបញ្ហានេះ។ នេះមកពីប៉ូតាស្យូមមានក្នុងទឹកអំពៅដែលជួយរក្សាលំនឹង pH នៅក្នុងក្រពះ និងជួយឲ្យទឹកក្នុងប្រព័ន្ធរំលាយអាហារហូរដែលអាចសម្រាលបញ្ហាទល់លាមក។
ទឹកអំពៅសំបូរដោយកាល់ស្យូមដែលអាចជួយពង្រឹងឆ្អឹងសម្រាប់ក្មេងកំពុងលូតលាស់ ហើយក៏ជួយឲ្យធ្មេញរឹងមាំដែរ។ ការផឹកទឹកអំពៅជាប្រចាំអាចបង្ការជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាត។
ការសិក្សាជាច្រើនបានបង្ហាញពីផលប៉ះពាល់វិជ្ជមាននៃទឹកអំពៅក្នុងការកាត់បន្ថយ និងទប់ស្កាត់ផលប៉ះពាល់នៃកោសិកាមហារីក។

ទឹកអំពៅមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ព្រោះមានជាតិសរសៃរលាយដែលជួយគ្រប់គ្រងទម្ងន់ និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ក្នុងរាងកាយដែលជាមូលហេតុនៃការឡើងទម្ងន់។ ទឹកអំពៅមានវីតាមីន C ច្រើនដែលមានប្រសិទ្ធភាពបំបាត់អាការៈឈឺក ហើយក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចទប់ស្កាត់ការឆ្លងមេរោគដែរ៕