សភាអាមេរិកដាក់សម្ពាធលើ TikTok
សភាសហរដ្ឋអាមេរិកក៏បានសម្រេចសំណើច្បាប់ថ្មី ដាក់សម្ពាធបន្ថែមទៀត បង្ខំឲ្យក្រុមហ៊ុនបណ្តាញសង្គម TikTok ផ្តាច់ខ្លួនឲ្យដាច់ស្រឡះពីក្រុមហ៊ុនចិន។ បើមិនដូច្នេះទេ នឹងត្រូវហាមឃាត់ឈប់ឲ្យប្រើប្រាស់នៅលើទឹកដីសហរដ្ឋអាមេរិក។
ច្បាប់ចាប់បង្ខំដាក់សម្ពាធលើក្រុមហ៊ុន TikTok ឲ្យផ្តាច់ខ្លួនឲ្យដាច់ស្រឡះពីក្រុមហ៊ុនចិន ត្រូវសមាជិកសភាអាមេរិក បោះឆ្នោតយល់ព្រម ក្នុងសំឡេងភាគច្រើនលើសលប់ ៣៦០សំឡេងគាំទ្រ ទល់នឹង សំឡេងប្រឆាំង តែ ៥៨ ប៉ុណ្ណោះ។ សមាជិកសភា គណបក្សសាធារណៈរដ្ឋ នៅរដ្ឋតិចសាច់ លោក Michael McCaul ដែលបោះឆ្នោតគាំទ្រច្បាប់នេះ បានចង្អុរបង្ហាញថា TikTok ជាការគំរាមកំហែងនិងបង្កគ្រោះថ្នាក់សម្បើមណាស់ដល់សន្តិសុខជាតិអាមេរិក។ អ្នកតំណាងរាស្ត្ររូបនេះ បានប្រៀបធៀប TikTok ទៅនឹងបាឡុងចារកិច្ចចិន ដែលជ្រៀតចូលទៅក្នុងទូរសព្ទដៃពលរដ្ឋអាមេរិក, ហើយវាជារនុកក្នុងដើម្បីស៊ើបយកការណ៍សម្ងាត់បម្រើផលប្រយោជន៍ឲ្យមនោគមវិទ្យារបស់គណបក្សកុម្មុយនិស្តចិនប៉េកាំង។
អ្នកប្រើប្រាស់បណ្តាញសង្គមដ៏មានប្រជាប្រិយភាពនៅអាមេរិក បាននាំគ្នារិះគន់ថា ការហាមឃាត់ TikTok ប្រៀបបាននឹងការបិទផ្តាច់សិទ្ធសេរីភាពបញ្ចេញមតិដូច្នោះ។
បណ្តាញសង្គមចិន TikTok ជំនាញខាងវីដេអូកម្សាន្តខ្លីៗ កំពុងមានប្រជាប្រិយភាពខ្លាំងណាស់នៅសហរដ្ឋអាមេរិក ដែលមានអ្នកប្រើប្រាស់ប្រមាណជា ១៧០ លាននាក់។ TikTok ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ ByteDance មូលដ្ឋាននៅស្រុកចិន។ សំណើច្បាប់ថ្មីអាមេរិក បង្ខំឲ្យបណ្តាញសង្គមនេះ ផ្តាច់ខ្លួនឲ្យស្រឡះពីក្រុមហ៊ុនមេនៅចិន ដោយទុករយៈពេលចំនួន១២ខែ បើពុំដូច្នេះទេ វានឹងត្រូវបិទបាត់ស្រមោលពីទឹកដីអាមេរិក។
ក្រោយពីឆ្លងផុតរដ្ឋសភា, ច្បាប់ចាប់បង្ខំចំពោះTikTokនេះ នឹងត្រូវដាក់ឲ្យព្រឹទ្ធសភាអាមេរិក បោះឆ្នោតសម្រេចនៅថ្ងៃអង្គារ ទី២៣ មេសា។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលធ្លាប់បានសម្តែងក្តីបារម្ភពីការប្រើប្រាស់TikTok បានប្រកាសថារង់ចាំតែច្បាប់មកដល់តុការិយាល័យ ហើយលោកនឹងចុះហត្ថលេខាភ្លាមតែម្តង៕