• The People Post

តំណាងរដ្ឋសភាចិនជម្រាបប្រធានរដ្ឋសភាកម្ពុជាថា ខ្លួនបន្តគំាទ្រការអិវឌ្ឍន៍របស់កម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅក្នុងឱកាសនេះ ថាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិនកាន់តែរឹងមាំឡើង។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងស្របពេលនឹងការប្រារព្ធ “ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” ហើយបានរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយឡើង ស្របតាមកិច្ចសហប្រតបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទំាងពីរ។
ឯកឧត្តម ចាង ឈីងលី បានថ្លែងអំណរគុណជូនសម្តេចរដ្ឋសភាធិបតី ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងរាក់ទាក់និងកក់ក្តៅជាទីបំផុត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នទាំងជីវភាពរស់នៅប្រជាជន និងសង្គម ព្រមទាំងបានគូសបញ្ជាក់ថាចិននៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរក្នុងការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម ចាង ឈីងលី បានរំលឹកពីប្រវត្តិនៃទំនាក់ទំនងជាប្រពៃណីដ៏ល្អកម្ពុជា-ចិន ដែលបានពូនជ្រំឡើងដោយព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំចិន មានលោកប្រធាន ម៉ៅ សេទុង និងឯកឧត្តម ជូ អេនឡាយ ។ ទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រទេសទំាងពីរ ត្រូវបានបន្តថែរក្សា លើកកម្ពស់ជាបន្តបន្ទាប់ ដោយថ្នាក់ដឹកនាំប្រទេសទំាងពីរ មានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនភីង និងសម្តេចតេជោ ហ៊ុន សែន ហើយបន្តមក សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកនូវផលប្រយោជន៍មិនត្រឹមសម្រាប់ប្រទេសនិងប្រជាជនទំាងពីរនោះទេ តែថែមទាំងដល់ចំណងមិត្តភាពដែកថែមកម្ពុជា-ចិន និងបានចូលរួមចំណែកថែរក្សា លើកកម្ពស់ វិបុលភាពប្រជាជាតិនៅក្នុងតំបន់និងសកលលោកថែមទៀតផង។
សម្តេចរដ្ឋសភាធិបតី បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពទំហំពាណិជ្ជកម្មកម្ពុជានិងចិននាពេលកន្លងមក។ ទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ ដែលបានកើនឡើង ៤,៦% ធៀបនឹងឆ្នាំមុន។
សម្តេចប្រធានរដ្ឋសភាបានស្នើដល់ភាគីចិនជួយជំរុញនិងកៀរគរអ្នកវិនិយោគនិងអ្នកទេសចរចិន មកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញមិត្តចិនមកចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ផងដែរ៕