ប្រធានរដ្ឋឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយ និងការស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សកិច្ចនៅកម្ពុជា ។ ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានអត្ថន័យ និងជាកម្លាំងចលករដ៏សំខាន់ រួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកចំណងមិត្តជា
ប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែងជាពិសេសជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងឱ្យទៅ “ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុងជ្រោយ ដែលនឹងនាំមកនូវផលប្រយោជន៌រួមជូនប្រទេស និងប្រជាជនទាំងសងខាង។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី បានរំលឹកឡើងវិញ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនឡាវ ដែលបានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ប្រកបដោយភាពរាក់ទាក់ កក់ក្តៅជាទីបំផុត ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបី(កម្ពុជា ឡាវ វៀតណាម-CLV) នៅសាធារណរដ្ឋប្រជាមានិតឡាវកាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់របស់រដ្ឋសភាឡាវ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលCLVនេះ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏សូមជូនពរដល់ប្រទេសឡាវ ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតនៅក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា (AIPA) នាចុងឆ្នាំ ២០២៤ នេះ។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី គាំទ្រ និងអបអរសាទរចំពោះជោគជ័យនាពេលថ្មីៗក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមីនា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពចុះកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាចំនួន ៧ លើវិស័យសំខាន់ៗ ក្នុងនោះមាន វិស័យថាមពល ពាណិជ្ជកម្ម អប់រំ ទេសចរណ៌ សន្តិសុខ ការពារជាតិ និងការបង្រ្កាបការជួញដូរគ្រឿងញៀននិងមនុស្សឆ្លងកាត់ព្រំដែន ជាដើម។
ឯកឧត្ដម ថងលុន ស៊ីសុលីត បានសម្តែងក្តីរីករាយជាខ្លំាងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានជួបពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ជាថ្មីម្តងទៀត ដែលជាស្រ្តីដំបូងគេនៅកម្ពុជា ទទួលតួនាទីជាថ្នាក់ដឹកនាំរដ្ឋសភាប្រកបដោយសក្កានុពល។
ឯកឧត្ដមប្រធានរដ្ឋ បានអបអរសាទរចំពោះ វឌ្ឍនភាពរបស់កម្ពុជានៅលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានរំលឹកពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជានិងឡាវ ដែលមានតំាងពីយូរយារណាស់មកហើយ។ កម្ពុជានិងឡាវជាមិត្ត បងប្អូន និងជាដន្លងនឹងគ្នា ដែលបានកៀកស្មា ពួតដៃគ្នាតស៊ូដណ្តើមឯករាជ្យជូនប្រទេសជាតិរៀងៗខ្លួន។ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ជាចុងក្រោយ ឯកឧត្តម ថងលុន ស៊ីសុលីត បានស្នើជូនសម្តេចប្រធានរដ្ឋសភា បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនិងសកម្មឡើង ជាមួយរដ្ឋសភាឡាវដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននិងប្រទេសជាតិទំាងសងខាង និងបានស្នើដល់រដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍ ដល់រដ្ឋសភាឡាវ នៅគ្រប់កម្រិត គ្រប់ជំនាញ៕