សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖“យើងចង់បានសេចក្តីស្រលាញ់ពីបេះដូង ការស្មោះត្រង់ពិតប្រាកដ លុះត្រាទាល់តែយើងខិតខំផ្តល់អ្វីល្អជូនគេ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី១ នៃគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមុលដ្ឋានខេត្តកណ្តាល បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបម្រើ និងបំពញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងយុវជន។ សម្តេចបានមានប្រសាសន៍ថា “យើងចង់បានសេចក្តីស្រលាញ់ពីបេះដូង ការស្មោះត្រង់ពិតប្រាកដ លុះត្រាទាល់តែយើងខិតខំផ្តល់អ្វីល្អជូនគេ” ។
សម្តេចបានគូសបញ្ជាក់បន្ថែមថា ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវភារកិច្ចចម្បងសំខាន់ៗ ជាឧទាហរណ៍ ស្រ្តីនៅគ្រប់ប្រទេស ក៏ដូចជានៅកម្ពុជា មានចំនួនជាង ៥០% ដូចនេះ យើងត្រូវយកចិត្តទុកដាក់ជំរុញចលនាស្រ្តីឱ្យកាន់តែផុលផុស។ ជាមួយគ្នានេះដែរ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបានសង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះនៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសសេចក្តីសម្រេចស្តីពីសមាសភាពក្រុមការងារចលនាស្រ្តីទូទាំងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។
សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើដល់ក្រុមការងារស្រ្តីទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកសមជិកបក្សបន្ថែមទៀត រក្សាទុកសមាជិកចាស់បង្កើនសមាជិកថ្មី ដោយត្រូវធ្វើចលនាកៀគរ ពង្រឹងតម្រង់ទិស ណែនាំ និងធ្វើសុខដុមរមនាជាមួយគ្នា។ សម្តេចរដ្ឋសភាធិបតី ក៏បានផ្តល់ប្រសាសន៍ ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ដែលទាមទារគុណភាព ពេលវេលា បទពិសោធ ភាពឈ្លាសវៃ និងភាពបត់បែន។ ក្រៅពីនេះ ការងារបញ្ជ្រាបខ្លឹមសារគោលនយោបាយគណបក្សឱ្យទទួលបានការយល់ដឹងនានាបន្ថែមទៀតជាពិសេសធ្វើការទំនាក់ទំនងរវាងក្រុមការងារ និងថា្នក់មូលដ្ឋានដោយធ្វើការសហការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ: លើកកម្ពស់ភាពជាម្ចាស់និងការទទួលខុសត្រូវរបស់មូលដ្ឋាន ខិតខំដោះស្រាយរាល់ការលំបាករបស់ប្អូនប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានឱ្យឆាប់រហ័ស និងទាន់ពេលវេលា។
សម្តេចរដ្ឋសភាធិបតី បានបន្តថាបន្ទាប់ពីការងារមូលដ្ឋាន ក្នុងនាមជាសកម្មជនរបស់គណបក្សគឺត្រូវធ្វើយ៉ាងណាថែរក្សានូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណមិនអនុញ្ញាតិឱ្យពួកជ្រុលនិយមមកបំផ្លិចបំផ្លាញនូវសុខសន្តិភាពបានឡើយ៕