• The People Post

TOYOTA បោះទុកវិនិយោគ៣៧លានដុល្លារក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា

រោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារបានសម្ពោធដាក់ឱ្យដំណើរការនៅដើមខែឧសភាឆ្នាំ២០២៤នេះ។ រោងចក្រនេះស្ថិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការរោងចក្រក្រុមហ៊ុនយក្សដំឡើងរថយន្តរបស់ជប៉ុននេះ នៅព្រឹកថ្ងៃទី២ឧសភា បានបញ្ជាក់ថា «ការដាក់សម្ពោធឲ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា របស់ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង ខេមបូឌា ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់មួយទៀត ក្នុងវិស័យឯកជន ក្នុងការអភិវឌ្ឍឧស្សាហកម្ម ក៏ដូចជាសេដ្ឋកិច្ចជាតិ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈក្រុមហ៊ុនដំឡើងរថយន្តតូយ៉ូតានាពេលនេះ នឹងចូលរួមបង្កើតភាពប្រកួតប្រជែង ការលើកកម្ពស់ ការធ្វើពិពិធកម្ម ការធ្វើទំនើបកម្មឧស្សាហកម្ម ក៏ដូចជាការផ្តល់ឱកាស និងជម្រើសការងារប្រកបដោយជំនាញកាន់តែច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបង្កើតការងារផ្សេងៗ ជារឿងមួយ ប៉ុន្តែបន្ថែមទាំងនោះ ការបង្កើតរោងចក្របច្ចេកវិទ្យាខ្ពស់បែបនេះ គឺផ្តល់លទ្ធភាព នៅក្នុងការផ្ទេរបច្ចេកវិទ្យា ពីប្រទេសជប៉ុនមកកម្ពុជា ពីក្រុមហ៊ុនដែលបច្ចេកវិទ្យាខ្ពស់ គឺផ្ទេរមកកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា ការផ្ទេរបច្ចេកវិទ្យានេះ ក្នុងទម្រង់២ គឺទម្រង់ទី១៖ ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងយន្ត និងទម្រង់ទី២៖ មនុស្ស។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្តឲ្យក្រុមហ៊ុន ដើម្បីរៀបចំនូវចក្ខុវិស័យរបស់ខ្លួន ក្នុងការរៀបចំជាថ្នាលបណ្ដុះបណ្ដាលផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឲ្យក្រុមហ៊ុន បើកឱកាសឲ្យយុវជនរបស់កម្ពុជា អាចមានឱកាស ចូលមកធ្វើកម្មសិក្សាការី ឬហាត់ការទៅទីនេះ ដែលសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកំពុងរៀបចំនូវកម្មវិធី នឹងដាក់ចេញនូវកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមជម្រាបថា រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់នួន គ្រុប ចំនួន១០ភាគរយ។

ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ៕