• The People Post

កម្ពុជាបង្ហាញគម្រោងព្រែកជីកហ្វូណន-តេជោ ដល់បណ្តាទូតនានាប្រចាំនៅភ្នំពេញ

កម្ពុជាបានអញ្ជើញឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា បង្ហាញនិងពន្យល់ អំពីគម្រោងព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រកម្ពុជា ដែលមានគុណប្រយោជន៍មហាសាលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ គម្រោងនេះទទួលបានការគាំទ្រធំធេងពីប្រជាពលរដ្ឋខ្មែរ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោនេះ កម្ពុជា ក៏បានជូនដំណឹងទៅដល់បណ្តាប្រទេសគណៈកម្មការទន្លេមេគង្គ ដែលរួមមានថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ាផងដែរ។
ជំនួបជាមួយឯកអគ្គរដ្ឋទូត រាជទូត និងតំណាងស្ថានទូតប្រចាំនៅកម្ពុជានេះ ជាកិច្ចប្រឹងប្រែងមួយ ដើម្បីឱ្យតំណាងប្រទេសជាមិត្ត បានយល់ និងជ្រូតជ្រាបបានច្បាស់ពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ ទាំងលក្ខណៈបច្ចេកទេស និងគោលបំណងនៃការសាងសង់ព្រែកជីកនេះឡើង។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់យ៉ាងលំអិតពាក់ព័ន្ធបច្ចេកទេសសាងសង់ ទិដ្ឋភាពរំហូរទឹកទន្លេចូលទៅសមុទ្រ ប្រៀបធៀបជាមួយស្ថានភាពរំហូរទឹកបច្ចុប្បន្ន ទិដ្ឋភាពច្បាប់ និងផលប្រយោជន៍ដែលទទួលបានពីព្រែកជីកនេះ។
គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ដោយប្រើរយៈពេលប្រមាណ២៦ខែ។ គម្រោងនេះមានជម្រៅទឹកត្រឹមតែ ៥.៤ម៉ែត្រប៉ុណ្ណោះ។
ព្រែកជីកហ្វូណន-តេជោ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គូសបញ្ជាក់ថា មានផលប្រយោជន៍យ៉ាងហោចណាស់ចំនួន៤រួមមាន៖
ទី១៖ បង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រទាក់ក្រឡាគ្នាពីទន្លេទៅសមុទ្រ ដោយមិនបាច់ឆ្លងកាត់បៀតណាម មិនបាច់បង់ថ្លៃបន្ថែម ឬមិនខកដំណើរពេលវៀតណាម មិនសប្បាយចិត្ត។
ទី២៖ បង្កើតប្រភពទឹកសម្រាប់ការស្រោចស្រពនៃទិសនិរតីនៃប្រទេសកម្ពុជា។ បង្កើនលទ្ធភាពបង្កបង្កើនផលច្រើនដង និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត។
ទី៣៖ ជួយរំដោះទឹកជំនន់នៅតាមខេត្តទិសនិរតីនៃប្រទេសកម្ពុជា
ទី៤៖ បង្កើតប្រភពត្រីក្នុងព្រែក និងបម្រើដល់វារីវប្បកម្ម (ការចិញ្ចឹមសត្វក្នុងទឹកដូចជាចិញ្ចឹមត្រីជាដើម)។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា គម្រោងនេះនឹងចាប់ផ្តើមការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥៕