• The People Post

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ៖ ការស្រាវជ្រាវគោលនយោបាយ ជាការចូលរួមនិងបង្ហាញពីភាពសកម្មរបស់ពលរដ្ឋ នៅក្នុងជួយសង្គមជាតិប្រកបដោយភាពវិជ្ជមាន

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងជាអ្នកជំនាញខាងស្រាវជ្រាវ បានលើកឡើងថា ការបង្កើតគោលនយោបាយនានា គឺជាការសម្រេចចិត្តកំពូលក្នុងការកំណត់អនាគតនៃសហគមន៍មួយ ប្រជាជាតិមួយ សង្គមមួយ ដែលទាមទារនូវការសិក្សា ពិនិត្យ និងពិចារណា លើគ្រប់ទិដ្ឋភាព ទាំងទិដ្ឋភាព ច្បាប់-នយោបាយ សង្គម សេដ្ឋកិច្ច។ល។

ឯកឧត្តមបណ្ឌិត លើកឡើងដូច្នេះនៅក្នុងឱកាសចូលរួមពិធី កម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី២ ខែឧសភាឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អគ្គលេខាធិការរងរដ្ឋសភា បាន បន្តទៀតថា វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព មិនគ្រាន់តែជាការសិក្សាអំពីបច្ចេកទេសនៃការសរសេរ- តាក់តែងជម្រើសគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចាប់យកនូវផ្នត់គំនិតជាប្រជាពលរដ្ឋសកម្ម (active citizen) ក៏ដូចជាមន្ត្រីសកម្មក្នុងការបណ្តុះស្មារតី រួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈបរិបទនៃតាក់តែងគោលនយោបាយ៕