ឈ្វេងយល់ពីរដ្ឋសភាកម្ពុជា ពីឆ្នាំ១៩៤៧ដល់ពេលបច្ចុប្បន្ន
ស្ថាប័ននីតិប្បញត្តិនៃព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា។ រដ្ឋសភានីតិកាលទី៧ មានសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធាន រដ្ឋសភា។ ចំណែកព្រឹទ្ធសភានីតិកាលទី៥ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។
តើរដ្ឋសភា មានកំណើតពីពេលណាមក?
នៅចន្លោះពេលពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាស្ថិតក្រោមអាណាព្យាបាលរបស់បារាំង។ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ព្រះអង្គបានសម្រេចបង្កើតសភាពិគ្រោះយោបល់ នៅខែមីនា ឆ្នាំ១៩១៣ ដែលពេលនោះជាសញ្ញាដំបូងនៃការកកើតសភានៅកម្ពុជា។ សភាពិគ្រោះយោបល់ក្នុងរជ្ជកាលនេះ មានតំណាងតែ ១០ខេត្ត-ក្រុង ប៉ុណ្ណោះ។ លុះមកដល់រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស សភាពិគ្រោះយោបល់តំណាងឱ្យ ១៤ខេត្ត-ក្រុង។
តាមឯកសារនានា បានបញ្ជាក់ថា សភាពិគ្រោះយោបល់នេះ បានវិវត្តតាមដំណាក់កាល និងតាមរបបនីមួយៗជាបន្តបន្ទាប់។ សភាពិគ្រោះយោបល់ បានវិវត្តទៅជាសភាធម្មនុញ្ញនៅឆ្នាំ១៩៤៦។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦ ក៏បានកំណត់អំពីសភាដែលមានពីរថ្នាក់កាលសម័យនោះ គឺរដ្ឋសភា ឬសភាជាតិ និងក្រុមប្រឹក្សាព្រះរាជាណាចក្រកម្ពុជា ឬសភាជាន់ខ្ពស់។
ចាប់ពីឆ្នាំ១៩៤៧ ព្រះរាជាណាចក្រកម្ពុជា បានអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដោយបានរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តជាសកល ដើម្បីបង្កើតរដ្ឋសភា។
ក្រោយកម្ពុជាទទួលឯករាជ្យពីប្រទេសបារំាង ជាសម័យដ៏រុងរឿង ក្រោមការដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះរោត្តម សីហនុ ព្រះបរមរតកោដ្ឋ ជាសម័យសង្គមរាស្រ្តនិយម ដែលពលរដ្ឋខ្មែររស់នៅក្នុងជីវភាពធូរធារ ប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ។ សម័យសង្គមរាស្រ្តនិយមពីឆ្នាំ១៩៥៥ ដល់ ឆ្នាំ១៩៧០ បានបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តចំនួន ៤នីតិកាល។ តែជាអកុសល កម្ពុជាបានធ្លាក់នៅក្នុងភ្លើងសង្រ្កាមស៊ីវិលនៅទសវត្សរ៍ឆ្នាំ៧០ និងបានអូសបន្លាយជាច្រើនឆ្នាំ។ ពីឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៥ រដ្ឋសភាកម្ពុជា មានឈ្មោះថា សភានៃសាធារណរដ្ឋខ្មែរ ។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ រដ្ឋសភា ត្រូវគេដាក់ឈ្មោះថា សភាតំណាងប្រជាជនកម្ពុជាប្រជាធិបតេយ្យ ។
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រដ្ឋសភាកម្ពុជា មានឈ្មោះថា សភាសាធារណរដ្ឋប្រជាមានិតកម្ពុជា។ សភាសាធារណរដ្ឋប្រជាមានិតកម្ពុជា មានអាយុចន្លោះពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៩៣។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ ដោយមានការចាត់ចែងពីអ៊ុនតាក់ កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សរុបចំនួន ១២០រូប ជាការបោះឆ្នោតសកល តាមប្រព័ន្ធសមាមាត្រ មាន២១ខេត្ត-ក្រុងជាមណ្ឌលបោះឆ្នោត ដើម្បីបង្កើតសភាធម្មនុញ្ញ ដែលមានតួនាទីនិងភារកិច្ចរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ និងអនុម័តរដ្ឋធម្មនុញ្ញ។ ក្រោយពី រដ្ឋធម្មនុញ្ញត្រូវបានអនុម័ត និងប្រកាសឱ្យប្រើ សភាធម្មនុញ្ញក៏បានក្លាយទៅជារដ្ឋសភានីតិកាលទី១។
រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មាត្រា១ ចែងថា «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ» និង មាត្រា ៥១ថ្មី ចែងថា «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជំរះក្តី។ អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។»
រដ្ឋសភានីតិកាលទី៧
ចាប់ពីឆ្នាំ១៩៩៣មក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានឈានដល់អាណត្តិទី៧ហើយ។ អាណត្តិទី៧ ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៨ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានសមាជិក ១២៥រូប ក្នុងនោះសមាជិកសភាជាស្រ្តីមានចំនួន ១៧រូប។
រដ្ឋសភានីតិកាលទី៧ បានប្រសូតចេញពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ដែលមានពលរដ្ឋជាង ៨៤% នៃចំនួនពលរដ្ឋ បានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឈរឈ្មោះមកពីគណបក្សចំនួន១៨។ ពលរដ្ឋជាង ៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ឈរលើមូលដ្ឋាននេះ ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ បានផ្ទេរអាណត្តិដឹកនាំដល់យុវជនថ្នាក់ដឹកនាំជំនាន់ក្រោយ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាយុវជនប្រកបដោយសក្តានុពល វាងវៃ សកម្ម និងស្វាហាប់ ទំាងកម្លាំងប្រាជ្ញា និងស្មារតី។
ការគាំទ្រដ៏លើសលប់នេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្ទេរការដឹកនាំពីជំនាន់មុន ដែលមាន សម្តេចតេជោ ជាប្រមុខ មកយុវជនជំនាន់ក្រោយ ដោយមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដោយសន្តិវិធី គ្មានអំហិង្សា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជានៅក្នុងរយៈពេល៥០០ឆ្នាំមកនេះ។
សម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំនៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី រដ្ឋសភានីតិកាលទី៧ ប្តេជ្ញាចិត្តយ៉ាងមោះមុតនៅក្នុងការបម្រើប្រទេសជាតិនិងពលរដ្ឋ ពង្រឹងមុខងារស្នូលរបស់ខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ លើកកម្ពស់អភិបាលកិច្ចល្អ ធ្វើទំនើបកម្មស្ថាប័ន ឆ្ពោះទៅជារដ្ឋសភាឌីជីថល ស្របតាមការជឿនលឿនសម័យបច្ចេកវិទ្យា ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផលកាន់តែខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រដ្ឋសភានីតិកាលទី៧ បានរួមសហការជាមួយរាជរដ្ឋាភិបាល យកពលរដ្ឋជាស្នូល ធ្វើយ៉ាងណានាំនាវាកម្ពុជាមានសុខសន្តិភាពពេញលេញ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕