• The People Post

សម្ដេចតេជោ ហ៊ុន សែន ចង់ជួប លោកជំទាវ អោង សានស៊ូជី តាមអនឡាញ ក្នុងគោលបំណងសួរសុខទុក្ខ ក្នុងនាមសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យ ឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកជំទាវ អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារ សម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន ។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។

សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។

ជាការឆ្លើយតប ឯកឧត្តម មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៍ និងមានតម្លាភាព ។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិប្បធម៌ និងកីឡា៕