ទូតកាតាសន្យាថានឹងខិតខំទាក់ទាញវិនិយោគិន ពីកាតា មកកម្ពុជា
ជាការទាក់ទាញអ្នកវិនិយោគពីប្រទេសកាតាមកកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា កម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសប្រមូលទិញស្រូវ ស្តុកទុកក្នុងឃ្លាំង បើករោងចក្រកិនស្រូវ និង កែច្នៃ វេចខ្ចប់ ហើយនាំចេញទៅក្រៅប្រទេស និងមានវិធានភាពអនុគ្រោះជាច្រើនដល់វិនិយោគិនពីបរទេស។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ។
ជាមួយគ្នានេះ សម្ដេចតេជោ បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឱ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុបមកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។
ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះ សម្តេច ដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាសវិនិយោគ ឯកឧត្ដម បានគូសបញ្ជាក់ថាមូលហេតុដែលឯកឧត្ដម មកទីនេះគឺដើម្បី គាស់នូវអ្វីៗដែលជាផលប្រយោជន៍ប្រទេសទាំងពីរឱ្យមានដំណើរការឡើងវិញ។ ឯកឧត្ដម សន្យាថានឹងខិតខំទាក់ទាញវិនិយោគិន ពីកាតា មកកម្ពុជាក៏ដូចជានាំវិនិយោគិនពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ ។
ឯកអគ្គរដ្ឋទូតបានលើកឡើងថាកំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យ សិក្សាពី Qatar Airlines ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ៕