• The People Post

ហ៊្សកហ្ស៊ី ចែករំលែកបទពិសោធន៍នៃការកាត់បន្ថយដុល្លារូបនីយកម្មដល់កម្ពុជា

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Natela Turnava ទេសាភិបាលស្តីទី ធនាគារជាតិនៃហ៊្សកហ្ស៊ី បានចាប់ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបានចុះអនុស្សរណៈយោគយល់ ក្នុងគោលបំណងបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងនោះរួមមានការចែករំលែកចំណេះដឹងនិងបទពិសោធន៍ក្នុងការងារបច្ចេកទេសរបស់ធនាគារកណ្តាល។

ការចុះអនុស្សរណៈយោគយល់ គ្នានេះបានធ្វើឡើង នៅទីក្រុងប៊ីលីស៊ី ប្រទេសហ៊្សកហ្ស៊ី កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍន៍ក្នុងវិស័យធនាគារ នយោបាយរូបិយវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ ចីរភាពហិរញ្ញវត្ថុ ព្រមទាំងបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។ ឆ្លងតាមកិច្ចពិភាក្សា ធនាគារជាតិនៃហ៊្សកហ្សុីបានទទួលជោគជ័យក្នុងការកាត់បន្ថយដុល្លារូបនីយកម្មប្រកបដោយជោគជ័យក្នុងរយៈពេលជាង ១០ឆ្នាំនេះ ដែលបទពិសោធន៍នេះ នឹងជួយជាធាតុចូលដល់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនាពេលខាងមុខ។

ស្របពេលជាមួយគ្នានេះ ភាគីធនាគារជាតិនៃហ៊្សកហ្ស៊ី បានស្នើធនាគារជាតិនៃកម្ពុជាចែករំលែកបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធទូទាត់ តាមរយៈការបង្កើតប្រព័ន្ធស្តង់ដារឃ្យូអរកូតនិងការទូទាត់ឆ្លងដែនជាដើម។ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀនសូត្រពីគ្នាទៅវិញទៅមក បន្តទៀត។

គួររំលេចថា ប្រទេសហ៊្សកហ្ស៊ី គឺជាប្រទេសមួយស្ថិតនៅតំបន់កូកាស៊ីស ពោលគឺនៅចំណុចប្រសព្វនៃតំបន់អឺរ៉ុបខាងកើត និងអាស៊ីខាងលិច។