កម្ពុជាចុះគោះទ្វារអ្នកវិនិយោគជប៉ុន
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអបដំណើរដោយ លោក ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជំនួបផ្គូផ្គងធុរកិច្ចនៅទីស្នាក់កណ្តាលនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងសហគមន៍ធុរកិច្ចទាំងពីរឱ្យកាន់តែស្អិតល្មួតបន្ថែមមួយកម្រិតទៀត កាលពីរសៀលថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលបានរៀបចំកម្មវិធីផ្គូផ្គងដ៏មានតម្លៃនាឱកាសបេសកកម្មគោះទ្វារវិនិយោគរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលនេះ។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ផងដែរថាសហគ្រាសដែលបានចូលរួមក្នុងជំនួបផ្គូផ្គងសុទ្ធសឹងតែជាសហគ្រាសដែលបានចូលរួមក្នុងសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។
លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាវិស័យឯកជនដែលបានចូលរួមនឹងខិតខំក្តាប់ជាប់នូវឱកាសមាសពេជ្រនេះ សំដៅទាក់ទាញសហគ្រាសដែលមានវត្តមានឱ្យទៅបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា។
គួរជម្រាបជូនផងដែរថា ក្រុមហ៊ុនដែលបានអញ្ជើញចូលរួមក្នុងជំនួបផ្គូផ្គងខាងលើគឺជាក្រុមហ៊ុនដែលបាន និងកំពុងបណ្តាក់ទុនវិនិយោគលើវិស័យភស្តុភារកម្ម កម្មន្តសាលអាលុយមីញ៉ូម កសិកម្មនិងកសិ-ឧស្សាហកម្ម ឱសថ និងព័ត៌មានវិទ្យានិងសារគមនាគមន៍៕