ការងារតាមធនាគារ សេវាកម្ម អចលនវត្ថុ ឧស្សាហកម្ម អ្នកលក់ សរុបជាង ៥ពាន់កន្លែង រងចាំយុវជននៅ អគារ KAMPUS ជាប់ស្ពានអាកាសក្បាលថ្នល់
ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអគារ KAMPUS ជាប់ស្ពានអាកាសក្បាលថ្នល់។
ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង នៅតាមបញ្ជរនៅអគារ KAMPUS និងកំពុងរង់ចាំទទួល ពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។
ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ នឹងត្រូវរៀបចំឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី០៩-១០ ខែឧសភា នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ។ ពិព័រណ៍នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៥៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាសជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារនិងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈ ជាដើម ។
គេអាចស្វែងរកព័ត៌មានបន្ថែម សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយជួយបែងចែកឱកាសទាំងនេះឱ្យបានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
លោកបាន បញ្ជាក់បន្ថែមថាការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់មនុស្សគ្រប់រូប។ ការងារនិងអាជីពមួយប្រភេទមានអត្ថន័យពិសេសសម្រាប់មនុស្សម្នាក់ៗដែលបានជ្រើសរើស បំពេញ និងកសាងមាគ៌ាអាជីពនោះ។ ដូច្នេះ យុវជន និងអ្នកស្វែងរកការងារត្រូវការយកចិត្តទុកដាក់រៀបចំផែនការ, ជ្រើសរើសអនុវត្តការងារ, កែសម្រួលនិងកសាងអាជីពមួយឲ្យបានពិតប្រាកដ ដើម្បីសំឡឹងឆ្ពោះទៅភាពជោគជ័យក្នុងពេលអនាគត៕