មកស្គាល់ប្រាសាទខ្មែរ៖ ប្រាសាទនាគព័ន្ធ ស្នាព្រះហស្ដអច្ឆរិយៈរបស់អតីតព្រះមហាក្សត្រដ៏ល្បីល្បាញ «ព្រះបាទជ័យវរ្ម័នទី៧»
ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅចំកណ្ដាលបារាយណ៍ជ័យតដាកៈ ក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ប្រាសាទនេះបានសាងសង់ឡើងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។
ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ ៤ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ។ មានរូបចម្លាក់ទាំង៤ទិស សម្រាប់ជាតំណាងឲ្យធាតុទាំង៤ គឺធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរីស្ថិតនៅទិសខាងជើង។
រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួលការព្យាបាលជំងឺស្របតាមធាតុនៃទិសទាំង ៤។ គេពិនិត្យឃើញមានចម្លាក់សេះថ្មមួយក្បាល ដែលមានមនុស្សជាច្រើនឱបព័ទ្ធ។