សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើប្រទេសកាណាដាបន្តគំាទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន»ក្នុងឆ្នាំ២០២៥
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Ping M. Kitnikone ឯកអគ្គរាជទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទទី១៣ ខែឧសភាឆ្នាំ២០២៤។
លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជា ដែលទទួលតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានចូលរួមអបអរសាទរសមិទ្ធផលថ្មីៗ ជាច្រើន ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងបន្តសម្រេចបាន។
លោកជំទាវ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អកម្ពុជានិងកាណាដា។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា កាលពីឆ្នាំ២០២២ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលបានធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទំាងពីរបោះជំហានទៅមុខទំាងក្របខណ្ឌកម្ពុជានិងកាណាដាក៏ដូចជាកាណាដានិងអាស៊ានផងដែរ។ បន្ថែមពីនេះ កាណាដាក៏បានស្នើដល់កម្ពុជាបន្តគំាទ្រដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងកាណាដានិងអាស៊ាន។
សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងមិត្តភាពដ៏ល្អរវាងកម្ពុជានិងកាណាដា ទោះបីប្រទេសទំាងពីរនៅឆ្ងាយពីគ្នាក្តីប៉ុន្តែប្រទេសទំាងពីរបានភ្ជាប់ការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥២ មក។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំទៅកម្ពុជានិងកាណាដា បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាវិញនៅឆ្នាំ១៩៩៣។ មុនចំណងការទូតផ្លូវការរវាងប្រទេសទំាងពីរបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៣ កាណាដាបានជួយដល់ជនភៀសខ្លួនខ្មែរជាច្រើនពាន់នាក់ឱ្យបានទៅរស់នៅប្រទេសទី៣ ជាពិសេសប្រទេសកាណាដា។ នាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរ សញ្ជាតិកាណាដាប្រមាណជាង ៤ សែននាក់ កំពុងរស់នៅកាណាដានិងបានចូលរួមចំណែកជាធនធានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាប្រទេស កាណាដាបានដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកដល់ដំណើរការកសាងសន្តិភាព ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់កម្ពុជា ដែលក្នុងនោះ ជំនួយគាំទ្រ ទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ បានរួមជាវិភាគទានដ៏មានតម្លៃចូលរួមស្តារ កសាង និងអភិវឌ្ឍន៍កម្ពុជា ក្នុងនោះមានវិស័យពាណិជ្ជកម្ម វិនិយោគ បោសសំអាតមីន កងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនួយមនុស្សធម៌ផ្សេងៗ ជាច្រើនទៀត។
សម្តេចបានស្នើដល់ប្រទេសកាណាដាបន្តគំាទ្រដល់កម្ពុជាដើម្បីសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» ត្រឹមឆ្នាំ២០២៥។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់លោកជំទាវ ឯកអគ្គរាជទូត ជួយបន្តយកចិត្តទុកដាក់លើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានគ្រប់ជ្រុងជ្រោយឡើង។ សម្តេចបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិទំាងទ្វេភាគីនិងពហុភាគី ដើម្បីលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ការពារសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ នៅក្នុងបរិបទសកលលោក ដែលកំពុងប្រឈមជាមួយបញ្ហាស្មុគស្មាញលើភូមិសាស្រ្តនយោបាយ សង្រ្គាម រួមនឹងការប្រែប្រួលអាកាសធាតុ ជាដើមនោះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួលជំនួយសន្តិភាពពីបរទេស ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងរក្សាសន្តិភាពទៅកាន់ប្រទេសនានានាំមុខគេនៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន ក្រោមឆត្រអង្គការសហប្រជាជាតិកងកម្លំាងមួកខៀវកម្ពុជា បានចួលរួមរក្សាសន្តិភាពនៅក្នុងប្រទេសចំនួន៩ នៅក្នុងពិភពលោក៕