• The People Post

មរតកជាតិ៖ កឹង មធ្យោបាយធ្វើដំណើរខ្មែរ សម័យដើម

កឹង គឺជាមធ្យោបាយដឹកជញ្ជូនមួយ ដែលព្រះមហាក្សត្រ សម្តេចសង្ឃរាជ អ្នកអភិជន និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ ប្រើប្រាស់សម្រាប់ដាក់លើទូកធំៗ ដើម្បីជិះកំសាន្តនៅលើផ្ទៃទឹក តាមដងទន្លេ។
ក្នុងសង្គមខ្មែរ អ្នកមានឋានៈខ្ពង់ខ្ពស់ តែងតែប្រើប្រាស់មធ្យោបាយដឹកជញ្ជូនជាញឹកញាប់ ហើយសុទ្ធសឹងជាស្នាដៃសិល្បៈល្អឯក។
ជាក់ស្តែងរូបកឹងលើកយកមកបង្ហាញនេះ ជាសមុច្ច័យកំពុងដាក់តាំងនៅសារមន្ទីរជាតិ ដែលធ្វើពីឈើ គគីរ និងផ្តៅមានរាងដូចជាផ្ទះ ឬបន្ទប់មួយ មានទ្វារ បង្អួច និងក្បាច់ក្បូររចនាជាច្រើន។
សិល្បករខិតខំផ្ចិតផ្ចង់ឆ្លាក់លំអិតផ្នែកនីមួយៗនៃកឹងនេះ ដ្បិតឃើញមានក្បាច់ផ្កា ស្លឹក សត្វស្លាប ស្វា និងទន្សាយជាដើម។
ជញ្ជាំងបណ្តោយជា៥ផ្នែក គឺមានជញ្ជាំងបណ្តោយពីរដូចគ្នា។ ចំពោះជញ្ជាំងឆ្លងកាត់ដែលមានទ្វារហៅថាជញ្ជាំងខាងមុខ និងជញ្ជាំងខាងក្រោយ ជាប្រភេទចម្លាក់លៀន។
កឹងនេះមានប្រវែង បណ្តោយ៥.៥០ម៉ែត្រ ទទឹង២.៨៧ម៉ែត្រ និងកម្ពស់១.៧០ម៉ែត្រ។ កឹងនេះ មានប្រភពមកពីវត្តធ្លក ខេត្តសៀមរាប ស្ថិតក្នុងសតវត្សទី២០។
សារមន្ទីរជាតិ