ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានជំនឿមុតមាំថារដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់ស៊ីជម្រៅជាមួយសភាអឺរ៉ុប
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី១៥ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានសម្តែងការអបអរសាទរដែលសម្តេចរដ្ឋសភាធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋសភា និងជាស្រ្តីទី១នៅកម្ពុជា ទទួលបានតំណែងដ៏សំខាន់នេះ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំសម្តេចរដ្ឋសភាធិបធី នឹងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយសភាអឺរ៉ុបកាន់តែខ្លំាងក្លានិងស៊ីជម្រៅឡើង ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិទំាងសងខាង។
ឯកឧត្តមបានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅខែមិថុនាខាងមុខនេះ អឺរ៉ុបនឹងបោះឆ្នោតជ្រើសតំាងសមាជិកសភាអាណត្តិថ្មី ដូច្នេះឯកឧត្តមសង្ឃឹមថាសភាអឺរ៉ុនិងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ ស៊ីជម្រៅឡើង។ ឯកឧត្តមក៏បានលើកឡើងពីតួនាទីសំខាន់ៗរបស់រដ្ឋសភា នៅក្នុងការដឹកនាំប្រទេសជាតិ ដោយសារសមាជិកសភាត្រូវបានជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី ឃូន សុដារី មានក្តីសោមនស្សរីករាយ សូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ និងសហការី ដែលបានអញ្ជើញមកកាន់វិមាន រដ្ឋសភាជាឱកាសនេះ។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុបដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ រួមចំណែកដ៏សំខាន់និងមានតម្លៃដល់ការស្តារ កសាងសុខសន្ដិភាព និងអភិវឌ្ឍប្រទេស កម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហភាពអឺរ៉ុប ដែលបានគាំទ្រផែនការ “យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា” ឆ្នាំ ២០២១ ដល់ ២០២៧ ដែលមានទឹកប្រាក់សរុបចំនួន ១៥៥ លានអឺរ៉ូ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍបៃតង និងការងារបៃតង ការអភិវឌ្ឍវិស័យអប់រំនិងជំនាញ ព្រមទាំងអភិបាលកិច្ច។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជា និងសហភាពអឺរ៉ុបមានទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការជាមួយគ្នាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក ហើយទំនាក់ទំនងមានភាពល្អប្រសើរ ផ្អែកលើការគោរពគ្នា ជឿជាក់លើគ្នា និងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងបើកទ្វាចំហជានិច្ចដើម្បីជួបពិភាក្សានិងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអឺរ៉ុប ក្នុងការពួនជ្រំ លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមទំាងសងខាង។
ជំនួបពិភាក្សានាឱកាសនេះ បានបើកចំហនិងក្នុងបរិយាកាសស្និទ្ធស្នាលជាទីបំផុត ដោយបានលើកឡើងពីបញ្ហាប្រឈមសកលលោកនៅក្នុងបរិបទដែលកំពុងប្រឈមនឹងជម្លោះ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ព្រមទំាងការប្រឈមបញ្ហាសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុនិងការរាតត្បាតជំងឺឆ្លងនានា។ភាគីទំាងពីរបានវាយឱ្យតម្លៃខ្ពស់ថា ស្ថិតនៅក្នុងបរិបទស្មុគស្មាញនេះ ការពង្រឹងប្រព័ន្ធពហុនិយម លើកកម្ពស់កិច្ចសហប្រតិបត្តិការជាការចាំបាច់។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់សភាពអឺរ៉ុបបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាដូចជាវិស័យកសកម្ម ការអប់រំ សុខាភិបាល ការលើកកម្ពស់សមភាពយេនឌ័រ ការកសាងធនធានមនុស្ស ការវិនិយោគ ទេសចរណ៍ ជាដើម។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភាទៅជារដ្ឋសភាឌីជីថល ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
បន្ថែមពីនេះ សម្តេចបានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតថា នៅក្នុងចំណោមគណៈកម្មការទាំង១០របស់រដ្ឋសភា មានគណៈកម្មការមួយទទួលបន្ទុកវិស័យសិទ្ធិមនុស្ស ដែលនេះជាប្រការល្អមួយ នៅក្នុងការចូលរួមចំណែកដោះស្រាយសំណូមពរពលរដ្ឋ។ នៅសភាបណ្តាជាច្រើននៅលើសកលលោក មិនមានគណៈកម្មការសិទ្ធិមនុស្សដូចកម្ពុជានេះទេ។សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថាកម្ពុជាគំាទ្រ គម្រោងច្រកទ្វារសកលដែលផ្តោតលើ “ការអប់រំបៃតង និងការងារឌីជីថល” នឹងទាក់ទាញការវិនិយោគដែលជួយឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសរីកចម្រើន និងជាប្រយោជន៍ដល់យុវជនកម្ពុជាផងដែរ។
ជាថ្មីម្តងទៀត ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានលើកឡើងពីផ្លែផ្កាជាច្រើនដែលបានកើតចេញពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងសហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន ។ ឯកឧត្តម ក៏បានសម្តែងនូវការបេ្តជ្ញាចិត្តក្នុងអាណតិ្តបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត៕