កម្ពុជាទាក់ទាញអ្នកវិនិយោគពីសាធារណរដ្ឋកូរ៉េ ជាមួយការធានានូវបរិយាកាសវិយោគ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងពិធីបើក វេទិកា ធុរកិច្ច កម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ ចាប់តាំងពីឆ្នាំ ២០១៦ មក រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទិដ្ឋាការ ដែលមានសុពលភាព ៣ ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េ នៅកម្ពុជា ។ ជាលទ្ធផល យើងសង្កេតឃើញ ការកើនឡើង នៃវត្តមាននៃគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច ទាំងធំ នៅកម្ពុជា ។
ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើស ១ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដោយគ្រប់ដណ្តប់វិស័យជាច្រើន ដូចជា វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ។ ក្រុមហ៊ុន កូរ៉េ បាន និងកំពុង ដើរ តួនាទីជាតួអង្គ គន្លឹះ ក្នុង ទិដ្ឋភាព សេដ្ឋកិច្ច របស់កម្ពុជា ។ ការចូលរួមរបស់ក្រុមហ៊ុន កូរ៉េនៅវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ។
សម្តេចមហាបវរធិបតី បានស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជា នៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដោយសាធារណរដ្ឋកូរ៉េ អាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យាក្នុងការកែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
រាជរដ្ឋាភិបាល បានបង្កើតយន្តការ ក្នុងការធានាបាននូវបរិយាកាសគាំទ្រ និងអំណោយផលដល់ភាពជោគជ័យនៃធុរកិច្ច ដែលមានស្រាប់ និងធុរកិច្ចថ្មី ប្រកបដោយភាពបុរេសកម្ម តាមរយៈការស្តាប់យ៉ាងយកចិត្តទុកដាក់ និងជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដោយមិនខ្លាចនឿយហត់ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពដោយប្រកាន់ខ្ជាប់នូវអភិក្រម «គិតរួមគ្នា, ធ្វើរួមគ្នា និងទទួលខុសត្រូវរួមគ្នា» ៕