រដ្ឋសភាមានយន្តការច្បាស់លាស់ក្នុងការការពារសិទ្ធិមនុស្សជូនពលរដ្ឋ
ជំពូក៣នៃរដ្ឋធម្មនុញ្ញត្រង់មាត្រា៣១ បានចែងថាព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទំាងអនុសញ្ញាទំាងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទំាងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
ទំាងអស់នេះជាអ្វីដែលច្បាប់កំពូលរបស់កម្ពុជាបានចែងដើម្បីធានាការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។ នៅក្នុងការធានាដល់ការគោរពសិទ្ធិមនុស្សតាមច្បាប់ដែលបានកំណត់ រដ្ឋសភាជាស្ថាប័នកំពូលមួយដែលបានចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា តាមរយៈតួនាទីរបស់ខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ដូចគេបានដឹងហើយថារដ្ឋសភាមានតួនាទីសំខាន់ៗចំនួនបី គឺមុខងារតីនិកម្ម គឺការកសាងច្បាប់ ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងប្រជាពលរដ្ឋ។ នៅក្នុងការអនុវត្តមុខងារនីតិកម្ម រដ្ឋសភាបានអនុ ម័ត ច្បាប់ជាច្រើន ដើម្បីធនាការដល់ការដឹកនាំគ្រប់ គ្របគ្រងប្រទេសនិងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងពិភពលោកនៅលើគ្រប់វិស័យ។
ច្បាប់ដែលរដ្ឋសភាបានអនុម័ត មួយចំនួនធំក្នុងគោលបំណងការពារនិងលើកស្ទូយសិទ្ធិមនុស្ស និងដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ជាពិសេសគឺការកសាងនីតិរដ្ឋ។ នៅក្នុងការចូលរួមគោរពនិងការពារសិទ្ធមនុស្សនេះ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ០៨ក្នុងចំណោមអនុសញ្ញាចំនួន ០៩ និងបានបំពេញកាតព្វកិច្ចផ្ដល់របាយការណ៍ស្តីពីការអនុវត្តយន្តការសន្ធិសញ្ញានេះជាប្រចាំ។
រដ្ឋសភាកម្ពុជា ជាស្ថាប័ននីតិប្បញ្ញត្តិគំរូមួយនៅក្នុងចំណោមសភាបណ្តាប្រទេសនានានៅលើសកលលោក ដែលបានបង្កើតឱ្យមានគណៈកម្មការមួយទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស។ ក្នុងចំណោមគណៈកម្មការជំនាញទំាង១០ របស់រដ្ឋសភាកម្ពុជា មានគណៈកម្មការមួយឈ្មោះថា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។ គណៈកម្មការនេះឈរនៅលើលេខរៀងលើគេក្នុងចំណោមគណៈកម្មការទំាង១០របស់រដ្ឋសភា។ ជាទូទៅគេហៅគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ជាគណៈកម្មការទី១របស់រដ្ឋសភា។
ការបង្កើតឱ្យមានគណៈកម្មការសិទ្ធិមនុស្ស មិនមែនជាការចៃដន្យនោះទេ។ គណៈកម្មការសិទ្ធិមនុស្ស បង្កើតឡើងគឺដើម្បីធានាដល់ដំណើរការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ គេបានដឹងថាភារកិច្ចមួយក្នុងចំណោមភារកិច្ចជាច្រើនរបស់គណៈកម្មការនេះ គឺការតាមដាន អង្កេត ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យបានសមស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទំាងរាល់លិខិតបទដ្ឋានអន្តរជាតិ ក្នុងវិស័យសិទ្ធិមនុស្ស ដែលព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថាសភាបណ្តាប្រទេសជាច្រើននៅលើសកលលោក មិនមានគណៈកម្មការសិទ្ធិមនុស្សដូចកម្ពុជានេះទេ។ គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា បានធ្វើការជិតស្និទ្ធជាមួយពលរដ្ឋដើម្បីធានាការគោរពសិទ្ធិមនុស្ស ហើយរាល់បញ្ហា សំណូមពររបស់ពលរដ្ឋ ត្រូវបានគណៈកម្មការទទួលយក និងបានបញ្ជួនទៅស្ថាប័ននីតិប្រតិបត្តិដើម្បីដោះស្រាយ។ ប្រជាពលរដ្ឋបានកោតសរសើរនិងថាបានទទួលភាពកក់ក្តៅ នៅពេលគណៈកម្មការ តែងតែចូលរួមការពារនិងដោះស្រាយបញ្ហាជួនពួកគាត់។
ប្រជាពលរដ្ឋខ្មែរបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយឥឡូវនេះ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលដែលបានធ្វើកិច្ចការយ៉ាងសកម្មនៅក្នុងការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ដូចដឹងស្រាប់ហើយថា កម្ពុជាបានងើបចេញពីចំណុចសូន្យនៃរបបខ្មែរក្រហមដែលបានបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទាំងស្រុងនោះ ឥឡូវនេះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសិទ្ធិរស់រានមានជីវិតនាំមកនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង នាំមកនូវប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅទទួលផលប្រយោជន៍ពីសុខសន្តិភាព ពីការអភិវឌ្ឍន៍ប្រទសក្នុងភាពសំបូរសប្បាយ ក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
រដ្ឋសភាកម្ពុជា បានកំពុងកសាងប្រព័ន្ធច្បាប់រឹងមាំ ជាប្រទេសនីតិរដ្ឋ បានន័យថា អ្វីៗត្រូវប្រព្រឹត្តទៅនៅក្នុងក្របខណ្ឌច្បាប់ ជាពិសេសនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ៕