ទិវាជាតិនៃការចងចាំ៖ ចងចាំការឈឺចាប់ក្នុងរបបប៉ុលពតនិងទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍កើតមានជាថ្មី

នៅថ្ងៃទី២០ ខែឧសភា គឺជាទិវានៃការចងចាំ អំពីរបបប្រល័យប៉ុលពតដែលបាននាំប្រទេសជាតិទៅកាន់ចំនុចសូន្យ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ គឺជាថ្ងៃនៃការ ចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដែលធ្វើឱ្យប្រជាជនខ្មែរប្រមាណជាងបីលាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ផ្សេងទៀតត្រូវបែកបាក់គ្រួសារ ក្លាយជាស្រ្តីមេម៉ាយ ក្មេង កំព្រា និងក្លាយជាជនពិការ ហើយហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់។
ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕