• The People Post

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វិស័យការទូតសភា រួមចំណែកលើកកម្ពស់កិត្យានុភាពជាតិនិងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក

សម្តេចរដ្ឋធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការងារ វិស័យការទូតសភាកម្ពុជា ដែលបានចូលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការចូលរួមចំណែកដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋទំាងនៅក្នុងតំបន់និងសកលលោក តាម រយៈយន្តការសភា ដែលយកការសន្ទនាជាស្នូល។

សម្តេចបានវាយតម្លៃដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តាប់បាយការណ៍វឌ្ឍនភាពវិស័យការទូតសភា ជាពិសេសវឌ្ឍនភាពការងារ របស់ក្រុមការងាររដ្ឋសភាជាតិអាយប៉ា-កម្ពុជា ដែលជូនរបាយការណ៍ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុម រដ្ឋសភាជាតិអាយប៉ា-កម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាបណ្តាប្រទេសជាមិត្តបានវាយតម្លៃខ្ពស់ចំពោះតួនាទីរដ្ឋសភាកម្ពុជា នៅលើឆាកអន្តរជាតិ។ សម្តេចបានបញ្ជាក់ថាកម្ពុជាស្មើមុខស្មើមាត់ជាមួយអន្តរជាតិ មិនត្រឹមតែ បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវេទិកាអន្តរសភាជាច្រើនដែលសភាកម្ពុជាជាសមាជិកនោះ បណ្តាប្រទេសជាមិត្តបានអញ្ជើញកម្ពុជា ជាវាគ្មិន ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែងពីការកសាងនិងការថែរក្សាសន្តិភាព នៅកម្ពុជាផងដែរ។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថាវិស័យការទូតកម្ពុជារឹងមាំនិងរស់រវើកបណ្តាលមកពីផ្ទៃក្នុងរបស់កម្ពុជារឹងមាំ។ នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយបន្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីអាណត្តិទី៧នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យការទូត ដែលនៅក្នុងនោះ វិស័យការទូតមានច្រើនវិស័យ មិនត្រឹមការទូតនយោបាយនោះទេ មានការទូតសភា ការទូតសេដ្ឋកិច្ច ការទូតប្រជាជនជាដើម។

សូមជម្រាបថានៅក្នុងរបាយការណ៍ របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប រដ្ឋសភាកម្ពុជា បានកំពុងបំពេញបេសកកម្មវិស័យការទូតសភាយ៉ាងសកម្មទំាងនៅក្នុងក្រមខណ្ឌទ្វេភាគីនិងពហុភាគី។ នៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (AIPA) ដែលជាវេទិកាសភានៃបណ្តាប្រទេសសមាជិកអាស៊ាននោះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតប្រចាំឆ្នាំ(AIPA) ចំនួនបីលើករួចមកហើយ គឺនៅឆ្នាំ២០០៤ ឆ្នាំ២០១១ និងឆ្នាំ២០២២។ រដ្ឋសភាកម្ពុជាបានកំពុងត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែតុលាឆ្នាំ២០២៤ នេះដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួលនិងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ការពង្រឹងការទូតសភាដើម្បីសន្តិភាព ជាកត្តាសំខាន់ចាំបាច់ដើម្បីរួមចំណែក ដល់ការបញ្ចប់វិនាសកម្មទាំងនេះ។ ដោយហេតុថាកម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមពិតជាយល់ច្បាស់ និងមិនចង់ឃើញសង្រ្គាម កើតឡើងនៅទីណាមួយនោះឡើយ៕