• The People Post

វិធីការពារ ជំងឺស្ទះសរសៃឈាមបេះដូង

បេះដូង ជាសរីរាង្គមួយដ៏ចាំបាច់បំផុតរបស់មនុស្ស។ បើមានជំងឺប៉ះពាល់ដល់បេះដូង នោះអ្នកជំងឺអាចនឹងបាត់បង់ជីវិតតែម្តង ក្នុងករណីសង្គ្រោះមិនទាន់។ បេះដូង អាចជួបនឹងជំងឺច្រើនប្រភេទណាស់។ប៉ុន្តែមាន វិធានការចាំបាច់សំខាន់ៗមួយចំនួនសំរាប់ឱ្យយើងការពារកុំឲ្យមានគ្រោះថ្នាក់ដល់បេះដូង និងសរសៃឈាមបេះដូង។ យើងសូមលើកយកវិធានការបួនសំខាន់ៗ មួយជម្រាបជូនលោកអ្នក៖១- ឈប់ជក់បារី

២- ប្រកាន់ខ្ជាប់នូវទម្លាប់ដ៏ប្រពៃៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ត្រូវតែប្រយុទ្ធប្រឆាំងនឹងទម្លាប់អាក្រក់ដែលចូលចិត្តតែភាពស្រណុក ខ្លាចរអានឹងការបញ្ចេញកម្លាំង។ ទាំងនេះមិនមានន័យថាលោកអ្នកត្រូវតែអញ្ជើញទៅធ្វើកីឡារាប់ម៉ោងក្នុងមួយថ្ងៃៗនោះទេ ដើរ ឬរត់១០នាទីមួយថ្ងៃ វាប្រសើរណាស់ទៅហើយសំរាប់សុខភាព។ ចំពោះការបរិភោគទៀតសោត តោងទទួលទានអាហារឲ្យបានគ្រប់មុខ មានបន្លែ ផ្លែឈើ សាច់ ត្រី គ្រាប់ធញ្ញជាតិបាយ សណ្តែក ពោត។ ប្រសិនបើអាចពិសារបន្លែបៃតង ឬផ្លែឈើបានកាន់តែច្រើន នោះកាន់តែប្រសើរ។ ចំណែកសាច់ ម្ហូបចៀន ឬ ចំណីខ្លាញ់វិញ ជាពិសេសជាមួយខ្លាញ់ជ្រូក ខ្លាញ់គោ ឬ បឺរ សុទ្ធសឹងជាសត្រូវលេខមួយរបស់បេះដូង និងសរសៃឈាមហើយ ហើយវាងាយនឹងធ្វើឲ្យលោកអ្នកឆាប់ឡើងទម្ងន់ណាស់។ បេះដូងនឹងត្រូវធ្វើការហួសពីកំរិតធម្មតា ប្រសិនបើលោកអ្នកនាងកាន់តែធាត់។ សុរាក៏យ៉ាងដូច្នេះដែរ បើលោកអ្នកនាងជាអ្នកធ្លាប់ទទួលទានវា សូមកុំឲ្យលើសពីមួយកែវក្នុងមួយថ្ងៃ។

៣- បញ្ហារបបអាហារ។ ដ្បិតរបបអាហារត្រឹមត្រូវ អាចជួយកាត់បន្ថយសារជាតិខ្លាញ់ក្នុងឈាមបាន។ ហើយម្យ៉ាងវិញទៀត ដូច បាននិយាយពីខាងដើមស្រាប់មកហើយថា មានជំងឺខ្លាញ់ក្នុងឈាម និងជំងឺទឹកនោមផ្អែមជាប់កាយ គឺជាកត្តាគ្រោះថ្នាក់មួយដែលជំរុញឲ្យយើងងាយមានជំងឺបេះដូងនិងសរសៃឈាម។ ដូច្នេះត្រូវតែកាត់បន្ថយអត្រាជាតិខ្លាញ់ និងសារជាតិស្ករក្នុងឈាមឲ្យមានកំរិតសមរម្យ តាមរយៈការធ្វើរបបអាហារ ឬតាមរយៈការទទួលទានថ្នាំ។

៤- ត្រូវតាមដាន និងព្យាបាលឲ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកមានជំងឺលើសឈាម លោកអ្នកគួរតែព្យាបាលជំងឺនេះកុំឲ្យដាច់ និងមិនត្រូវឈប់ទទួលទានថ្នាំដោយគ្មានវេជ្ជបញ្ជាឡើយ៕