• The People Post

រដ្ឋសភាកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការពូនជ្រំមិត្តភាពដែកថែបដើម្បី នាំមកនូវផលប្រយោជន៍ជូនប្រជាជនទំាងសងខាង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពនិងប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីក្នុងការនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទំាងសងខាង។
ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីបានធ្វើឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជូបពិភាក្សាការងារជាមួយ ឯកឧត្តម សូរ៉ាត ហ្សាគៀរ នាព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ ២០២៤ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់រដ្ឋសភាកម្ពុជា។

ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលបានទទួលស្វាគមន៍ឯកឧត្តមនិងគណៈប្រតិភូប្រកបដោយភាពកក់ក្តៅជាទីបំផុត។ ក្នុងនាមសភាតំណាងប្រជាជនចិនទូទាំងប្រទេស ឯកឧត្តមបានចូលរួមអបអរសារជាថ្មី ដែលសម្តេចរដ្ឋសភាធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភានៅក្នុងអាណត្តិទី៧នេះ។

ឯកឧត្តមអនុប្រធានសភាប្រជាជនចិនទូទំាងប្រទេស បានកោតសរសើរនិងវាយតម្លៃខ្ពស់ពី ការរីកចម្រើនក៏ដូចជាសោភ័ណភាពទីក្រុង ភាពរួសរាយរាក់របស់ប្រជាជនខ្មែរ និង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងស្រស់បំព្រងរបស់រាជធានីភ្នំពេញ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជា បានរស់នៅក្នុងសុខសន្តិភាព ជាមួយក្តីសប្បាយរីករាយ និងការអភិវឌ្ឍរបស់ប្រទេសជាតិកើនឡើងជាលំដាប់។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន នាពេលនេះ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្ដ។ ដំណើរទស្សនកិច្ចនេះបានចូលរួមចំណែកយ៉ាងខ្លាំងដល់ការបន្តពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និង ”កិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៃប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់មិត្តចិនបានទេ។

សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមាំថាស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងជាមួយគ្នាបន្ថែមទៀតក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីផ្ដល់ជាផលប្រយោជន៍រួមរបស់ប្រជាជន។ ជាមួយគ្នានេះ សម្តេចបានស្នើភាគីចិនជួយគំាទ្រដល់គម្រោងអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាកម្ពុជាទៅជារដ្ឋសភាឌីជីថលនិងការស្តារហេដ្ឋារចនាសម្ព័ន្ធការិយាល័យតំណាងរាស្រ្តទំាង២៥ខេត្ត រាជធានី។

ឯកឧត្តម សូរ៉ាត ហ្សាគៀរ បានគូសបញ្ជាក់ថារដ្ឋសភាចិនបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ការនាំចូលកសិផលពីកម្ពុជា វិស័យថាមពល បច្ចេកវិទ្យា សន្តិសុខ អប់រំ សុខាភិបាលជាដើម។ ឯកឧត្តមបានសន្យាថានឹងខិតខំជំរុញ លើកទឹកចិត្តនិងផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ដល់អ្នកវិនិយោគនិងប្រជាជនចិន បានបន្តមកបណ្តាក់ទុននិងធ្វើទេសចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានគំាទ្រដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទំាងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ ការផ្លាស់ប្តូរបទពិសោធគណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាវ័យក្មេងនិងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។

ភាគីចិនក៏បានបញ្ជាក់ពីការរង់ចំាទទួលស្វាគមន៍នូវ ព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ៕