រដ្ឋសភានីតិកាលទី៧ ក្រោមកិច្ចដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ធ្វើការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ

រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជាស្រ្តីដំបូងគេទទួលបានតំណែងសំខាន់ដឹកនាំស្ថាប័នកសាងច្បាប់នេះ បានយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋនិងប្រទេសជាតិធំ ។ សម្តេចប្រធានរដ្ឋសភា បានជំរុញនិងលើកកម្ពស់ដល់ការបំពេញតូនាទីទំាងបីរបស់រដ្ឋសភា មានមុខងារនីតិកម្មគឺការធ្វើច្បាប់ មុខងារតាមដានត្រួតពិនិត្យនិងការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងប្រជាពលរដ្ឋ។ សម្តេចបានលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភាឱ្យបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលានៅក្នុងការបម្រើប្រជាពលរដ្ឋ។
នៅក្នុងការអនុវត្តមុខងារនីតិកម្ម រដ្ឋសភាបានអនុម័ត ច្បាប់ជាច្រើន ដើម្បីធានាដល់ការដឹកនាំគ្រប់គ្រងប្រទេសនិងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងពិភពលោកនៅលើគ្រប់វិស័យ។ ច្បាប់ដែលរដ្ឋសភាបានអនុម័ត មួយចំនួនធំមានគោល បំណងការពារនិងលើកស្ទួយសិទ្ធិមនុស្ស កសាងនីតិរដ្ឋ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។
រដ្ឋសភាកម្ពុជា ក៏ជាស្ថាប័ននីតិប្បញ្ញត្តិគំរូមួយដែរនៅក្នុងចំណោមរដ្ឋសភាបណ្តាប្រទេសនានានៅលើសកលលោក ដែលបានបង្កើតឱ្យមានគណៈកម្មការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស។ ក្នុងចំណោមគណៈកម្មការជំនាញទំាង១០ របស់រដ្ឋសភាកម្ពុជា មានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។
សភាបណ្តាប្រទេសជាច្រើននៅលើសកលលោក មិនមានគណៈកម្មការសិទ្ធិមនុស្សដូចសភាកម្ពុជានេះទេ។ គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភាកម្ពុជា បានធ្វើការជិតស្និទ្ធជាមួយពលរដ្ឋដើម្បីធានាការគោរពសិទ្ធិមនុស្ស ហើយរាល់បញ្ហា សំណូមពររបស់ពលរដ្ឋ ត្រូវបានគណៈកម្មការទទួលយកនិងបានបញ្ជូនទៅស្ថាប័ននីតិប្រតិបត្តិដោះស្រាយ។ ប្រជាពលរដ្ឋបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចអន្តរាគមន៍របស់រដ្ឋសភាក្នុងការដោះស្រាយបញ្ហាជួនពួកគាត់។
រដ្ឋសភាក្រោមការដឹកនាំដោយរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលយ៉ាងស្អិតរមួតដើម្បីបម្រើពលរដ្ឋ។ នៅក្នុងរយៈពេលប្រមាណជា៩ខែមកនេះ គណៈកម្មការជំនាញទំាង១០ របស់រដ្ឋសភា បានអញ្ជើញឥស្សរជនថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធវិស័យទទួលខុសត្រូវរបស់ខ្លួន ដើម្បីមកសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារនិងបានជំរុញដល់ក្រសួង ស្ថាប័ន ទំាងនោះបន្តខិតខំបំពេញភារកិច្ចរបស់ក្នុងខ្លួននៅក្នុងការបម្រើប្រទេសជាតិស្របតាមយុទ្ធសាស្រ្តបច្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០និង ឆ្នាំ២០៥០។
ជាមួយគ្នានេះ គណៈកម្មការជំនាញរដ្ឋសភា ក៏ដូចជាសមាជិកសមាជិការដ្ឋសភាទំាងអស់បានបំពេញបេសកកម្ម ចុះជួបនិងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមណ្ឌល ព្រមទាំងបានជួបអាជ្ញាធរ ក្រសួងស្ថាប័នថ្នាក់ក្រោមជាតិផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី តែងតែស្វែងរកផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិ។ ក្រៅពីការដឹកនាំការងារប្រចាំថ្ងៃរបស់រដ្ឋសភា ដូចជានៅក្នុងការធ្វើកំណែទម្រង់ ពង្រឹងអភិបាលល្អ លើកកម្ពស់គុណភាពស្ថាប័នទៅជាសភា ឌីជីថល ក្នុងប្រយោជន៍តែមួយគត់គឺការលើកកម្ពស់គុណភាពនៃការបម្រើសេវាជូនពលរដ្ឋ។
ជាមួយគ្នានេះដែរ សម្តេចបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមណ្ឌលបោះឆ្នោត ទទូលជួបពិភាក្សា ការងារជាមួយភ្ញៀវជាតិ អន្តរជាតិ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តាប្រទេសជាមិត្តស្ទើររាល់ថ្ងៃ។ នៅក្នុងជំនួបពិភាក្សាការងារទំាងនោះសម្តេចបានប្រើប្រាស់នូវទេពកោសល្យការទូត តាមរយៈយន្តការការទូតសភា ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋ ជាពិសេសស្រ្តីនិងយុវជន ដូចជាការពង្រឹងភាពអង់អាចដល់ស្រ្តី និងកុមារី ការពង្រឹងសមភាពយេនឌ័រ ស្វែងរកការបណ្តុះបណ្តាលធនធានមនុស្ស ការគោរពសិទ្ធិមនុស្ស ដំណើរការលទ្ធិប្រជាធិបតេយ្យ សុខាភិបាល កសិកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្វែងរកការងារជូនយុវជនជាដើម។
រដ្ឋសភានីតិកាលទី៧ បានអះអាងពីការបន្តបេសកកម្មតាមមុខងាររបស់ខ្លួនឱ្យកាន់តែសកម្ម មានការទទួលខុសត្រូវខ្ពស់ចំពោះសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ រួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាបាននូវសុខសន្តិភាព វិបុលភាព កិត្យានុភាព និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចប្រធានរដ្ឋសភា បានជំរុញលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ថា នៅក្នុងនីតិកាលទី៧នេះ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមោះមុតក្នុងការចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋ ជំរុញការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
រដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី។ ជាមួយគ្នានេះ រដ្ឋសភាបាននិងកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើមនិងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម៕