ត្រី៖ ក្រសួងកសិកម្មប្រកាសបិទរដូវនេសាទ

ចាប់ពីថ្ងៃទី១ មិថុនា ដល់ថ្ងៃទី៣០ កញ្ញា ក្រសួងប្រកាសបិទរដូវនេសាទ ដើម្បីទុកឱកាសត្រីពងកូន។ ក្នុងរយៈពេលនេះ អ្នកនេសាទទាំងអស់ អាចប្រើប្រាស់បានតែឧបករណ៍នេសាទ បែបលក្ខណៈប៉ុណោះ។ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល នៅថ្ងៃទី២០ ឧសភា។
ស្ថាប័នជំនាញបញ្ជាក់ថា ភូមិសាស្រ្តដែលត្រូវបិទការនេសាទ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។
ចំពោះខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ ត្រូវបានណែនាំឱ្យបិទការនេសាទ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។