កម្ពុជា-ចិន បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ច
ភ្នំពេញ៖ ប្រមុខការទូតប្រទេសកម្ពុជានិងចិន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍រួមប្រទេសទាំងពីរក៏ដូចជាតំបន់ និងពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានដែលវិទ្យុមិត្តភាពកម្ពុជាទទួលបាននាព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កានៅ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោ បាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ច ការបរទេសនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយ នីស្តចិននិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន។
ក្នុងជំនួបកិច្ចពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សុខ ចិន្តាសោភា និង ឯកឧត្តម វ៉ាង យី បានប្រព្រឹត្តទៅ ប្រកបដោយបរិយាកាសស្និទ្ធស្នាល មានភាពស៊ីជម្រៅ និងគ្របដណ្តប់លើការងារអាទិភាពជាច្រើនដែលត្រូវជំរុញអនុវត្ត ដើម្បីលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការវិស័យនយោបាយ ការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ថាមពល ការអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន អប់រំ ទេសចរណ៍ និងវប្បធម៌។