តម្លៃសិល្បករ «រក្សាចាស់ បង្កើត និង អភិវឌ្ឍថ្មី»
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធាន ដើម្បីអភិរក្ស ជំរុញ លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានីភ័យ បានឋិតថេរគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។
នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអ្នកស្នងមរតក ក្រោមពាក្យស្លោក «រក្សាចាស់ បង្កើត និង អភិវឌ្ឍថ្មី» ដែលរៀបចំឡើង ដោយសមាគមសិល្បករខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(CCIC) ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការនី គ្រប់ទម្រង់ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង ។
សិល្បករខ្មែរ តាមរយៈ ស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក ។
សម្តេចធិបតី បានបន្តទៀតថា ទន្ទឹមនឹងបង្កើតសមិទ្ធផលថ្មីៗក្នុងវិស័យសិល្បៈដោយផ្អែកលើមូលដ្ឋាននៃវប្បធម៌ជាតិ និងអភិវឌ្ឍបន្ថែមទៀតស្របតាមស្ថានភាពបច្ចុប្បន្ន យើងក៏ត្រូវពិនិត្យមើលលើការអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យខ្ពស់ផងដែរ ដូចជា ល្ខោននិយាយ ល្ខោនខោល ល្ខោនអាប៉េ ល្ខោនប្រមោលទ័យ ជាដើម ។ល។